អន្តរជាតិ

វៀតណាមព្រមានពីភាពតានតឹងនៅតាមមន្ទីរពេទ្យ ក្រោយចំនួនអ្នកឆ្លងកូវីដបន្តកើនឡើងយ៉ាងខ្លាំង ក្រោយបុណ្យចូលឆ្នាំប្រពៃណីវៀតណាម

BY
Pheakdey
February 10, 2022

វៀតណាម៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះថា តម្រូវការនៃសេវាសុខាភិបាលអាចនឹងកើនឡើងលើសកម្រិតដ្បិតចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមដែលបានរៀបចំឡើងកាលពីដើមខែកុម្ភៈនេះ។  បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅវៀតណាមបានហក់ឡើងដល់ជាង ២៤,០០០នាក់ កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងតួលេខអ្នកឆ្លងជាមធ្យមកាលពីសប្តាហ៍មុនគឺមានចំនួនត្រឹម ១៥,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បើតាមក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីអំឡុង បុណ្យចូលឆ្នាំប្រពៃណីវៀតណាមកន្លងទៅនេះ ពលរដ្ឋវៀតណាមជាច្រើនបានធ្វើការជួបជុំគ្នាក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិ ហើយពួកគេក៏បានធ្វើដំណើរទៅកាន់ស្រុកកំណើតនិងកន្លែងកំសាន្តផ្សេងៗជាច្រើនផងដែរ ហើយកត្តាទាំងនេះបានធ្វើឲ្យមានការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ខណៈភាគច្រើននៃការចម្លងថ្មីទាំងអស់នោះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ២,៤លាននាក់ និងស្លាប់សរុបជាង ៣៨,០០០នាក់ ខណៈវៀតណាមមានពលរដ្ឋសរុបជាង ៩៨លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: