អន្តរជាតិ

រលកសមុទ្របានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ី ១០នាក់ ខណៈកំពុងអង្គុយធ្វើសមាធិបែបសាសនានៅមាត់ឆ្នេរ

BY
Pheakdey
February 14, 2022

ឥណ្ឌូនេស៊ី៖ រលកសមុទ្របានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១០នាក់ដែលកំពុងអង្គុយធ្វើសមាធិនៅលើមាត់ឆ្នេរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ទី ១៣ ខែកុម្ភៈម្សិលមិញនេះ​។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ Payangan ស្ថិតនៅក្នុងខេត្ត East Java ហើយបានកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃសោរ៍ ទី១២ ខែកុម្ភៈ និងបានឆ្លងចូលថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈបានបន្តិចប៉ុណ្ណោះ។

ប្រភពបានបន្តថា ក្រុមអ្នកធ្វើសមាធិទាំងពាក់កណ្តាលយប់នេះមានចំនួនសរុប ២៣នាក់ ដែលសុទ្ធតែជាអ្នកកាន់សាសនាឥស្លាម តែគេមិនបានដឹងច្បាស់ថាពិធិសមាធិដែលពួកគាត់បានធ្វើនោះជាពិធីបែបសាសនាអ្វីឲ្យប្រាកដនោះទេ ដ្បិតនៅតំបន់កើតហេតុនោះមានអ្នកកាន់សាសនាឥស្លាមច្រើននិកាយណាស់ ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ទឹករលកបានបោកបក់មកកាន់ឆ្នេរក្នុងកម្ពស់ក៏ខ្ពស់មួយនិងបានទាញយកក្រុមជនរងគ្រោះទាំងអស់ចូលទៅក្នុងសមុទ្រ ហើយខណៈពេលនោះគឺក្រុមជនរងគ្រោះកំពុងអង្គុយបិទភ្នែកធ្វើសមាធិទើបមិនបានត្រៀមការពារខ្លួនពីការវាយប្រហារដោយទឹករលកទាល់តែសោះ។ គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន ១០នាក់ សង្គ្រោះជីវិតបាន ១២នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: