អន្តរជាតិ

កូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនពលរដ្ឋខ្លួននៅចុងខែនេះ

BY
Pheakdey
February 15, 2022

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនពលរដ្ឋខ្លួននៅចុងខែនេះហើយ។ ទន្ទឹមនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ជូនពលរដ្ឋខ្លួន អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានត្រៀមផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរហ័សរាប់លានផងដែរ ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋអាចយកទៅធ្វើតេស្តបានដោយឯងនៅតាមផ្ទះក្នុងករណីសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ពីអ្នកណាម្នាក់។

ប្រភពខាងលើបានបន្តថា ផែនការទាំង ២របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងដែលបានដាក់ចេញព្រមគ្នានេះគឺត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងដែលកំពុងបង្កការចម្លងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៨៥% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៥៥% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបចំនួន ៥២លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: