វៀតណាមគ្រោងបើកប្រទេសជាធម្មតាវិញនៅពាក់កណ្តាលខែមីនាខាងមុខនេះ
- BY
- Pheakdey
- February 16, 2022
វៀតណាម៖ កាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ម្សិលមិញនេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសវៀតណាមបានស្នើឲ្យរដ្ឋាភិបាលសម្រេចបើកប្រទេសជាធម្មតាឡើងវិញដើម្បីទទួលអ្នកដំណើរអន្តរជាតិនិងលើកលែងវិធានការរឹតបន្តឹងការធ្វើដំណើរមួយចំនួនចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខនេះតទៅ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គម្រោងបើកប្រទេសដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមបានស្នើសុំនេះគឺត្រូវបានធ្វើឡើងមុនពេលកំណត់ចំនួន ៣ខែ ដោយនាពេលកន្លងមករដ្ឋាភិបាលវៀតណាមគ្រោងនឹងបើកប្រទេសឡើងវិញនៅអំឡុងខែមិថុនាឯណោះ។

ប្រភពខាងលើបន្តថា គម្រោងសុំបើកប្រទេសឡើងវិញរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមនៅពេលនេះគឺត្រូវបានធ្វើឡើងដោយយកគំរូតាមប្រទេសថៃនិងហ្វីលីពីន ដែលប្រទេសទាំង ២នេះសុទ្ធសម្រេចបើកប្រទេសឡើងវិញក្នុងបរិបទដែលមានការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងច្រើន តែអ្នកឈឺធ្ងន់ធ្ងរហើយត្រូវព្យាបាលនៅមន្ទីរពេទ្យមានចំនួនតិចតួច។ យ៉ាងណាក្តី នៅក្នុងសំណើនោះបានបញ្ជាក់ថាផែនការរបស់ក្រសួងទេសចរណ៍វៀតណាមនឹងត្រូវអនុវត្តចំពោះអ្នកដំណើដែលមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់និងបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានប៉ុណ្ណោះមុននឹងមកទល់ទឹកដីវៀតណាម ហើយក្រោយពេលមកដល់ប្រទេសវៀតណាមអ្នកដំណើរទាំងនោះក៏តម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១ថ្ងៃផងដែរ។ គួរបញ្ជាក់ជូនថា សំណើខាងលើនឹងត្រូវបញ្ជូនទៅដល់លោកនាយករដ្ឋមន្ត្រីវៀតណាមដើម្បីធ្វើការពិនិត្យនិងសម្រេចក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






