ថៃសម្រេចបង្កើត “តំបន់កូវីដ” ដើម្បីអនុញ្ញាតឲ្យសិស្សដែលពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ មានឱកាសមកប្រលងដូចបេក្ខជនទូទៅដែរ
- BY
- Pheakdey
- February 17, 2022
ថៃ៖ យោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនិងក្រសួងអប់រំថៃបានសម្រេចឲ្យមានការបង្កើត “តំបន់កូវីដ” ដើម្បីអនុញ្ញាតឲ្យក្រុមសិស្សានុសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ មានឱកាសមកប្រលងចូលរៀនតាមសាកលវិទ្យាល័យដូចបេក្ខជនប្រលងទូទៅដែរ។ បើតាមលោកវេជ្ជបណ្ឌិត Sarawut Boonsuk អនុប្រធាននាយកដ្ឋានសុខាភិបាលថៃបានឲ្យដឹងថា គ្រប់សាកលវិទ្យាល័យទាំងអស់ត្រូវបង្កើត “តំបន់កូវីដ” ឬជាបន្ទប់ដាច់ដោយឡែកមួយសម្រាប់ឲ្យក្រុមសិស្សានុសិស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬបានឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាលអាចទៅប្រលងក្នុងពេលដំណាលគ្នាជាមួយបេក្ខជនទូទៅដែរ។

លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បន្ទប់ប្រលងពិសេសដែលគេហៅថា “តំបន់កូវីដ” នោះ នឹងទទួលបានការជួយសម្របសម្រួលពីក្រុមបុគ្គលិកសុខាភិបាល បន្ថែមពីលើក្រុមបុគ្គលិកអប់រំដែលត្រូវត្រួតពិនិត្យលើការប្រលងនោះផងដែរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា “តំបន់កូវីដ” នឹងត្រូវបានបែងចែកជា ៣ប្រភេទ ដោយប្រភេទទី ១សម្រាប់ក្រុមសិស្សដែលមានការសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ តែបានតេស្តអវិជ្ជមាន ហើយប្រភេទទី ២សម្រាប់ក្រុមសិស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ខណៈប្រភេទទី ៣គឺសម្រាប់ក្រុមសិស្សដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ តែម្តង។ គួរបញ្ជាក់ថា ការសម្រេចខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងក្រុមសិស្សគណិតវិទ្យាចំនួន ៦នាក់ ដែលពួកគេត្រូវមកប្រលងតាមតំបន់កូវីដទាំង ៣ប្រភេទ ហើយដោយមើលឃើញពីសារៈសំខាន់នៃវិធានការនេះខាងអាជ្ញាធរថៃក៏សម្រេចឲ្យមានការអនុវត្តជាទូទៅគ្រប់សាកលវិទ្យាល័យតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






