ខ្មែរណូត

ស្វែងរក

  • សង្គម

    លោក គីម ហ៊ាង ចេញលិខិតសូមទោសជាសាធារណៈ ក្រោយរិះគន់ចំៗចំពោះការកំណត់កំពស់សាងសង់អគារ និងមានវប្បធម៌អភិរក្សច្រើនពេក នៅក្នុងទឹកដីខេត្តសៀមរាប

    BY Khmernote Media February 17, 2022
    លោក គីម ហ៊ាង ចេញលិខិតសូមទោសជាសាធារណៈ ក្រោយរិះគន់ចំៗចំពោះការកំណត់កំពស់សាងសង់អគារ និងមានវប្បធម៌អភិរក្សច្រើនពេក នៅក្នុងទឹកដីខេត្តសៀមរាប

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន ដោយនៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។

    ការវាយប្រហារពាក្យសំដីរបស់ លោក គីម ហ៊ាង មកលើខេត្តសៀមរាប បានរងការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជន ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានធ្វើការថ្កោលយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រោយរងការថ្កោលទោសពីក្រសួងវប្បធម៌ នៅមុននេះបន្តិចលោក គីម ហ៊ាង បានធ្វើការបង្ហោះលិខិតសូមទោសជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារថា៖

    “ខ្ញុំបាទឈ្មោះ គីម ហ៊ាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់ នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

    នៅក្នុងបទបង្ហាញ និងការវិភាគរបស់ខ្ញុំបាទ មានរយៈពេលជាង ២ម៉ោង ខ្ញុំបាទបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា។

    ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប”៕

    Share This Post: