ហេតុការណ៍បាក់ដីនៅប្រេស៊ីលបានឆក់យកជីវិតពលរដ្ឋជាង ១០០នាក់ និង ៣៥នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- February 18, 2022
ប្រេស៊ីល៖ ហេតុការណ៍បាក់ស្រុតដីបានឆក់យកជីវិតពលរដ្ឋប្រេស៊ីលចំនួន ១០៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Petropolis ភាគខាងជើងនៃប្រទេសប្រេស៊ីល ហើយគ្រោះធម្មតជាតិនេះបានកើតឡើងបន្ទាប់ពីតំបន់កើតហេតុនោះមានភ្លៀងធ្លាក់យ៉ាងច្រើនជិតមួយសប្តាហ៍មកហើយ។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ខាងលើនេះគឺមានកុមារចំនួន ១៥នាក់ ខណៈគិតត្រឹមពេលនេះក៏នៅមានពលរដ្ឋប្រេស៊ីលចំនួន ៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះមានក្រុមអ្នកជួយសង្គ្រោះចំនួន ៥០០នាក់កំពុងធ្វើការយ៉ាងសកម្មបំផុតដើម្បីតាមស្វែងរកពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះ តែយ៉ាងណាក្តីប្រតិបត្តិការណ៍ស្វែងរកជនគ្រោះមិនងាយស្រួលឡើយ ដ្បិតតំបន់កើតហេតុត្រូវគ្របដណ្ដប់ដោយគំនរបាក់បែកនៅពីលើ ខណៈនៅខាងក្រោមជាដីល្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






