អន្តរជាតិ

ម្សិលមិញនេះ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១សែននាក់ជាលើកដំបូង ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះអាចនឹងកើនឡើងទ្វេដងឬ៣ដងក្នុងពេលដ៏ខ្លីខាងមុខ

BY
Pheakdey
February 19, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួ​ន ១០៩,៨២៨នាក់សម្រាប់របាយការណ៍នៅក្នុងថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ម្សិលមិញនេះ ហើយវាក៏ជាតួលេខអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែររាប់ចាប់តាំងពីពេលកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ មក។ ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើនខាងលើនេះ ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា​ មានអ្នកស្លាប់ថ្មីចំនួន ៤៥នាក់បន្ថែមទៀតផងដែរ តែចំនួនអ្នកស្លាប់នេះហាក់មិនមានការកើនឡើងគួរឲ្យគត់សម្គាល់នោះទេ។

យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងកូរ៉េខាងត្បូងបានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចនឹងកើតឡើងទ្វេដង ឬ ៣ដងនៃចំនួនអ្នកឆ្លងខាងលើនេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តែករណីឆ្លងទាំងអស់នោះមិនមែនជាករណីធ្ងន់ធ្ងរនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១,៧លាននាក់ និងស្លាប់សរុបជាង ៧ពាន់នាក់។ ចំពោះការចាក់វ៉ាក់សាំងវិញគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៦,២% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងពលរដ្ឋប្រមាណជា ៥៨% បានចាក់ដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបជាង ៥២នាក់នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: