អូស្រ្តាលីសម្រេចបើកប្រទេសជាធម្មតាវិញក្រោយមានការបិទខ្ទប់អស់រយៈពេលជិត ២ឆ្នាំ
- BY
- Pheakdey
- February 21, 2022
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះបានឲ្យដឹងថា ប្រទេសអូស្រ្តាលីបានសម្រេចបើកប្រទេសពេញលេញទាំងស្រុងឡើងវិញហើយ ក្រោយមានការបិទខ្ទប់អស់រយៈពេលជិត ២ ឆ្នាំព្រោះវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ គួរបញ្ជាក់ជូនថា នាពេលកន្លងអាជ្ញាធរអូស្រា្តលីធ្លាប់អនុវត្តវិធានការបិទខ្ទប់ប្រទេសទាំងស្រុង ក្រោយមកក៏មានការបើកក្រុងនិងរដ្ឋមួយចំនួន ខណៈតំបន់ខ្លះនៅតែបន្តបិទខ្ទប់ តែយ៉ាងណាក្តីចាប់ពីនេះតទៅគឺអាជ្ញាធរអូស្រ្តាលីនឹងបើកប្រទេសទាំងមូលជាធម្មតាវិញតែម្តង។

តាមរយៈការសម្រេចបើកប្រទេសឡើងវិញនេះគេបានរំពឹងទុកថា អូស្រ្តាលីនឹងទទួលបានជើងហោះហើរប្រមាណជា ៥០ ក្នុងមួយថ្ងៃ ទទួលបានភ្ញៀវទេសចរណ៍រាប់ពាន់នាក់ ហើយពលរដ្ឋនៅក្នុងប្រទេសអូស្ត្រាលីទាំងអស់ក៏មានឱកាសអាចធ្វើការជួបជុំជាមួយមិត្តភក្តិនិងគ្រួសារបានជាធម្មតាឡើងវិញផងដែរ។ តាមរបាយការណ៍នាពេលកន្លងបានបង្ហាញថា វិស័យទេសចរណ៍អាចជួយបង្កើតប្រាក់ចំណូលប្រមាណជា ៤៣ពាន់លានដុល្លារអាមេរិកសម្រាប់សេដ្ឋកិច្ចជាតិអូស្ត្រាលី និងជួយបង្កើតការងារបានចំនួន ៥% នៃកម្លាំងពលកម្មសរុបនៅទូទាំងប្រទេសអូស្រ្តាលីផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣លាននាក់ និងស្លាប់សរុបជិត ៥ពាន់នាក់ ខណៈពលរដ្ឋអូស្រ្តាលី ៨០% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៤១%បានចាក់ដល់ដូសជម្រុញនៃពលរដ្ឋសរុប ២៦លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






