ហុងកុងសម្រេចកំណត់ផែនទីសុវត្ថិភាពសម្រាប់អ្នកចាក់វ៉ាក់សាំងរួច ខណៈកូវីដ-១៩បន្តរាតត្បាតកាន់តែខ្លាំង
- BY
- Pheakdey
- February 22, 2022
ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ២១ ខែកុម្ភៈ ម្សិលមិញនេះ អាជ្ញាធរហុងកុងសម្រេចពង្រីកតំបន់សុវត្ថិភាពសម្រាប់ការធ្វើដំណើររបស់ក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយនៅក្នុងផែនទីសុវត្ថិភាពថ្មីនេះនឹងមានបញ្ចូលទាំងផ្សារទំនើបធំៗនិងផ្សារលក់ទំនិញខ្នាតតូចជាច្រើនកន្លែងផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងអាជ្ញាធរហុងកុងបានសម្រេចបិទអាជីវកម្មធំៗដែលមានការប្រមូលផ្តុំមនុស្សជាច្រើនកន្លែងដើម្បីទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩។ យ៉ាងណាក្តី តាមរយៈការអនុវត្តវិធានការកំណត់តំបន់សុវត្ថិភាពខាងលើនេះគឺមានន័យថា អាជីវកម្មសំខាន់ៗមួយចំនួនអាចបើកទ្វារវិញបាន តែបើកសម្រាប់ក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា ដើម្បីទទួលបានសិទ្ធអនុវត្តវិធានការខាងលើនេះ ពលរដ្ឋហុងកុងពេញវ័យដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ត្រូវចុះឈ្មោះទទួលយកលិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passport) ពីអាជ្ញាធរ ហើយសម្រាប់ក្រុមពលរដ្ឋដែលមានអាយុ ១២-១៨ ឆ្នាំអាចស្នើសុំលិខិតឆ្លងដែនវ៉ាក់សាំងនេះបានដោយគ្រាន់តែបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងត្រឹមតែ ១ដូសប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះហុងកុងកំពុងប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ-១៩ យ៉ាងខ្លាំង ដោយចំនួនអ្នកឆ្លងបន្តកើនឡើងខ្ពស់រហូតធ្វើឲ្យមន្ទីរពេទ្យគ្មានកន្លែងទទួលអ្នកជំងឺទាន់ពេលវេលាននោះទេ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរហុងកុងនៅមិនទាន់អនុវត្តវិធានការប្រឆាំងនឹងការត្បាតកម្រិតធ្ងន់ធ្ងរបំផុតនៅឡើយទេ ខណៈលោកប្រធានាធិបតីចិន Xi Jinping មើលឃើញថា វាដល់ពេលហើយដែលហុងកុងត្រូវទាញសញ្ញាអាសន្នកម្រិតធ្ងន់ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






