ឥណ្ឌាសម្រេចឲ្យមានការចាក់វ៉ាក់សាំងដូសជម្រុញចំពោះកុមារអាយុចាប់ពី ១២ឆ្នាំឡើងទៅ
- BY
- Pheakdey
- February 22, 2022
ឥណ្ឌា៖ កាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈម្សិលមិញនេះ អាជ្ញាធរឥណ្ឌាបានសម្រេចអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះក្រុមពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២-១៨ ឆ្នាំហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមគម្រោងគឺអាជ្ញាធរសុខាភិបាលឥណ្ឌានឹងប្រើប្រាស់វ៉ាក់សាំងប្រភេទ Corbevax របស់ក្រុមហ៊ុន Biological E ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនក្រុមពលរដ្ឋវ័យក្មេងនេះ។

គួររម្លឹកជូនថា នាពេលកន្លងមកឥណ្ឌាធ្លាប់អនុម័តឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះក្រុមពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅប៉ុណ្ណោះ តែពេលនេះអាជ្ញាធរឥណ្ឌាសម្រេចអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដើម្បីឆ្លើយតបនឹងស្ថានភាពនៃរាតត្បាតជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន និងស្របពេលដែលឥណ្ឌាមានវ៉ាក់សាំងគ្រប់គ្រាន់ផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាចំនួន ៥៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងពលរដ្ឋចំនួន ១,៣ %បានចាក់ដល់ដូសជម្រុញ ខណៈឥណ្ឌាមានពលរដ្ឋសរុបចំនួន ១,៣៨ ពាន់លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






