នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងចេញមកអំពាវនាវកុំឲ្យពលរដ្ឋភ័យស្លន់ស្លោ ក្រោយបានរកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាង ១៧ម៉ឺននាក់ជាលើកដំបូង
- BY
- Pheakdey
- February 23, 2022
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងលោក Kim Boo-kyum បានអំពាវនាវឲ្យពលរដ្ឋខ្លួនរក្សាភាពនឹងនរនិងកុំភ័យស្លន់ស្លោចំពោះករណីដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩លើសពី ១៧០,០០០នាក់ជាលើកដំបូងបង្អស់រាប់ចាប់តាំងពីពេលកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ បើទោះជាបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានក៏ពិតមែនតែលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីអ្នកមានអាការៈធ្ងន់ធ្ងរនិងស្លាប់ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន ដ្បិតភាគច្រើននៃការចម្លងថ្មីនោះគឺជាការចម្លងមេរោគអូមីក្រុងដែលជាប្រភេទមេរោគមានសមត្ថភាពអាចចម្លងបានលឿនតែពុំបានផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

គួររម្លឹកថា នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រាប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះបានបង្ហាញថា កូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ១៧១,៤៥២នាក់ ដែលជាការកើនឡើងយ៉ាងគំហុក ដ្បិតកាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ តួលេខអ្នកឆ្លងមានត្រឹមជាង ៩ម៉ឺននាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៣ លាននាក់ និងស្លាប់សរុបជាង ៧ ពាន់នាក់ ខណៈពលរដ្ឋកូរ៉េខាងត្បូងជាង ៨៦%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងជាង ៦០% បានចាក់ដល់ដូសជម្រុញនៃចំនួនពលរដ្ឋសរុប ៥២លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






