ក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក! ស្រ្តីថៃម្នាក់មានសំណាងរើសបានកម្អួតត្រីបាឡែន ៣០គីឡូក្រាម ដែលមានតម្លៃរាប់លានដុល្លារ
- BY
- Pheakdey
- February 24, 2022
ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន The Smart Local បានចុះផ្សាយថា ស្រ្តីថៃម្នាក់មានសំណាងរើសបានកម្អួតត្រីបាឡែនដែលមានតម្លៃរាប់លានដុល្លារកាលពីពេលថ្មីៗនេះ។ ស្រ្តីមហាសំណាងរូបនេះមានឈ្មោះថា Aunmanee Sarirayoh អាយុ ៣០ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តប៉ាតានីភាគខាងត្បូងប្រទេសថៃ ដែលជាតំបន់សម្បូរទៅដោយអ្នកកាន់សាសនាឥស្លាម។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅនេះ អ្នកនាង Aunmanee Sarirayoh រួមជាមួយនឹងគ្រួសារបាននាំគ្នាដើរកំសាន្តតាមមាត់ឆ្នេរសមុទ្រក្នុងតំបន់យ៉ារីងនៃខេត្តប៉ាតានី ហើយក៏មានសំណាងប្រទះឃើញកម្អួតត្រីបាឡែននេះតែម្តង។

ដំបូងឡើយអ្នកនាង Aunmanee Sarirayoh មិនគិតថាកម្អួតត្រីប៉ាឡែននេះជារបស់មានតម្លៃដល់ថ្នាក់នេះទេ តែអ្នកនាងបានយកដុំកម្អួតត្រីបាឡែនទាំងនេះទៅពិនិត្យមើលនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តមួយកន្លែងក្នុងសាកលវិទ្យាល័យ Prince of Songkla University ទើបដឹងច្បាស់ថា វាគឺជារបស់កម្រនិងមានតម្លៃខ្ពស់បំផុត សម្រាប់យកទៅផលិតជាទឹកអប់ប្រណិតដែលមានតម្លៃថ្លៃៗលំដាប់ពិភពលោក។ កម្អួតត្រីបាឡែននោះមានទម្ងន់សរុប ៣០គីឡូក្រាម ហើយតាមការសន្និដ្ឋានជាបឋមនៅពេលនេះគឺវាមានតម្លៃ ១០០លានបាត (៣,០៨១,៦៦៤ ដុល្លារអាមេរិក) ឯណោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Smart Local
- Share This Post:






