ប្រទេសលោកខាងលិចព្រមានថា រុស្ស៊ីអាចនឹងប្រើគ្រាប់បែក “father of all bombs” ដែលជាគ្រាប់បែកដ៏មានឥទ្ធិពលមួយ ប្រសិនបើពលរដ្ឋអ៊ុយក្រែននាំគ្នាមករារាំងក្បួនយោធាឆ្ពោះទៅទីក្រុងគៀវ
- BY
- Pheakdey
- February 26, 2022
ក្រុមប្រទេសលោកខាងលិចបានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់គ្រាប់បែកដ៏ទំនើបនិងអាចសម្លាប់មនុស្សយ៉ាងសាហាវបំផុត ប្រសិនបើក្រុមពលពលរដ្ឋអ៊ុយក្រែននាំគ្នាមកបិទផ្លូវឬរារាំងក្បួនយោធារបស់ខ្លួនដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសោរ៍ ទី២៦ ខែកុម្ភៈនេះ។ គ្រាប់បែកដែលគេបារម្ភថា លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់ដើម្បីបំបែកក្បួនរារាំងរបស់ពលរដ្ឋអ៊ុយក្រែននោះគឺជាគ្រាប់បែកភេរវកម្មដែលមានថាមពលខ្លាំងក្លាបំផុត ហើយគេតែងហៅគ្រាប់បែកប្រភេទនេះថា “father of all bombs”។

ប្រភពខាងលើបានបញ្ជាក់ថា “father of all bombs” ជាប្រភេទគ្រាប់បែក ដែលដំណើរការដោយប្រើប្រាស់អុកស៊ីសែនពីខ្យល់អុកស៊ីសែននៅជុំវិញវា ដើម្បីបង្កើតការផ្ទុះដែលមានសីតុណ្ហភាពខ្ពស់ ហើយមានសមត្ថភាពបំផ្លាញសរីរាង្គមនុស្ស និងអវៈយវៈក្នុងខ្លួនមនុស្សដែលស្ថិតក្រោមតំបន់សាយភាយនោះនឹងត្រូវបំផ្លាញចោលរហូតធ្វើឲ្យមនុស្សត្រូវស្លាប់យ៉ាងវេទនាតែម្តង។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៧ កន្លងទៅអាមេរិកក៏ធ្លាប់ទម្លាក់គ្រាប់បែកប្រភេទនេះទៅលើទឹកដីអាហ្វហ្គានីស្ថានដែរ ដោយពេលនោះគ្រាប់បែកដ៏ទំនើបនេះត្រូវបានគេកត់សម្គាល់ឃើញថា គ្រាប់បែកមួយគ្រាប់អាចសាយភាយក្នុងរយៈចម្ងាយជាង ៣០០ ម៉ែត្រ និងសាយភាយក្នុងកម្ពស់ប្រហែល ២ម៉ែត្រពីដី ខណៈតម្លៃរបស់វាវិញគឺ ១៦លានដុល្លារក្នុងមួយគ្រាប់៕


អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






