សហភាពអឺរ៉ុបព្រមានពីវិបត្តិមនុស្សធម៌ធំបំផុតមិនធ្លាប់មាន ខណៈពលរដ្ឋអ៊ុយក្រែនរាប់លាននាក់នឹងធ្វើការផ្លាស់ប្តូរទីលំនៅព្រោះតែសង្គ្រាម
- BY
- Pheakdey
- February 28, 2022
សហភាពអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈនេះថា អឺរ៉ុបនឹងជួបប្រទះវិបត្តិមនុស្សធម៌ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយវិបត្តិនេះបានកើតឡើងដោយសាតែកងកម្លាំងរុស្ស៊ីបើកការឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ បើតាមលោក Janez Lenarcic ដែលជាស្នងការអឺរ៉ុបសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិបានបញ្ជាក់ថា ចំនួនពលរដ្ឋអ៊ុយក្រែនដែលបានធ្វើការផ្លាស់ប្តូរទៅលំនៅព្រោះតែភ្លើងសង្គ្រាមអាចមានច្រើនជាង ៧លាននាក់ ខណៈតួលេខដ៏ច្រើននេះនឹងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មានទាល់តែសោះនៅលើទ្វីបអឺរ៉ុប។

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនប្រមាណជា ១៨លាននាក់នឹងរងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី។ របាយការណ៍ដដែលនេះបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៤លាននាក់បានមករស់នៅជុំគ្នាក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន ពលរដ្ឋប្រមាណជា ៧លាននាក់បានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស និងជាច្រើនសែននាក់ផ្សេងទៀតបានភៀសខ្លួនចេញក្រៅប្រទេស។ គួរបញ្ជាក់ជូនផងដែរថា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពលរដ្ឋអ៊ុយក្រែនដែលមានលិខិតឆ្លងដែនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលមកក្នុងសហភាពអឺរ៉ុបដោយមិនចាំបាច់មានទិដ្ឋាការនោះទេនិងអាចស្នាក់នៅរហូតដល់ ៣ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






