អន្តរជាតិ

ប៉ូលិសថៃគ្រោងប្រើឧបករណ៍ Lie Detector ក្នុងការស៊ើបអង្កេតករណីបាត់បង់ជីវិតតារាស្រី Tangmo ដើម្បីដឹងថា អ្នកពាក់ព័ន្ធក្នុងរឿងនេះឆ្លើយពិតប្រាក ឬឆ្លើយកុហក

BY
Pheakdey
March 1, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៨ កុម្ភៈម្សិលមិញនេះបានឲ្យដឹងថា ​ប៉ូលិសថៃគ្រោងនឹងប្រើប្រាស់ Lie Detector “ឧបករណ៍ចាប់សម្ដីកុហក” ជុំវិញករណីស្លាប់របស់តារាសម្តែងដ៏ល្បីរបស់ថៃគឺអ្នកនាង Tangmo ដែលបានស្លាប់នៅក្នុងទន្លេចៅព្រះយ៉ាកាលពីសប្តាហ៍កន្លងទៅនេះ។ បើតាមនាយឧត្តមសេនីយ៍ Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិថៃបានបញ្ជាក់ថា ឧបករណ៍ចាប់សំដីកុហកនឹងជួយសម្របសម្រួលដល់ការកស៊ើបអង្កេតក្នុងករណីស្លាប់បានមួយផ្នែកធំដ្បិតឧបករណ៍នឹងជួយកំណត់ថា ចម្លើយសារភាពរបស់ក្រុមជនសង្ស័យដែលមានការពាក់ព័ន្ធក្នុងករណីនេះជាចម្លើយពិត ឬជាការប្រឌិតដើម្បីយករួចខ្លួន។

គួររម្លឹកជូនថា តារាសម្តែង Tangmo វ័យ ៣៧ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់ក្នុងទន្លេចៅព្រះយ៉ាក្រោយរូបគាត់បានជិះទូកកំសាន្តជាមួយមិត្តភក្តិចំនួន ៥នាក់ផ្សេងទៀត។ ក្រោយការស្លាប់យ៉ាងអាថ៌កំបាងនេះ មិត្តភក្តិទាំង ៥នាក់រួមទាំងអ្នកបើកបរទូកម្នាក់ទៀតផង សុទ្ធតែមិនអាចផ្តល់ព័ត៌មានជាក់លាក់ទាល់តែសោះជុំវិញដើមហេតុដែលបង្កឲ្យអ្នកនាង Tangmo ត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ។ បើតាមប៉ូលិសថៃគឺគេចង់ដឹងថា ហេតុអ្វីបានជាអ្នកនាង Tangmo ត្រូវធ្លាក់ចេញពីទូក? ក្រោយកើតហេតុភ្លាមតើអ្នកនៅលើទូកទាំងអស់មានប្រតិកម្មដូចម្តេចនិងបានទូរស័ព្ទទៅប្រាប់អ្នកណាមុនគេ? តើការស្លាប់នេះបានផ្តល់ផលប្រយោជន៍នៃការទិញប័ណ្ណធានារ៉ាប់រងអាយុជីវិតដល់ណាខ្លះ? បើតាមប៉ូលិសថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះបទល្មើសដែលគេអាចអាចដាក់បន្ទុកទៅកាន់ក្រុមអ្នកពាក់ព័ន្ធមានខ្លះរួចហើយ ដូចជាករណីប្រើប្រាស់ទូកកំសាន្តដោយគ្មានអជ្ញាប័ណ្ណ (ចំពោះអ្នកបើកទូក) ករណីមិនសហការណ៍ជាមួយប៉ូលិស និងករណីកុហកប៉ូលិសជាដើម។ ចំពោះករណីធ្ងន់ធ្ងរបំផុតសម្រាប់អ្នកពាក់ព័ន្ធក្នុងករណីនេះអាចប្រឈមនឹងការពិន័យជាប្រាក់ម្នាក់ៗចំនួន ២០០,០០០ បាត (ជាង ៦ពាន់ដុល្លារ) ឬជាប់គុករហូតដល់ ១០ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: