រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអ៊ុយក្រែនកំពុងរងការឆាបឆេះ ក្រោយត្រូវកងកម្លាំងរុស្ស៊ីវាយប្រហារ បើរោងចក្រនេះផ្ទុះ នឹងមានវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ
- BY
- Pheakdey
- March 4, 2022
អ៊ុយក្រែន៖ រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុបកំពុងមានភ្លើងឆាបឆេះបន្ទាប់ពីទទួលរងនូវការវាយប្រហារដោយកងកម្លាំងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមីនានេះ។ រោងចក្រថាមពលនុយក្លេអ៊ែរមួយនេះមានឈ្មោះថា Zaporizhzhia មានទីតាំងស្ថិតនៅតំបន់ភាគខាងត្បូងឆៀងខាងកើតនៃប្រទេសអ៊ុយក្រែន។ រោងចក្រមួយនេះមានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៦ មានសមត្ថភាពផលិតថាមឲ្យប្រទេសអ៊ុយក្រែនបាន ២៥% នៃថាមពលប្រើប្រាស់សរុបនៅទូទាំងប្រទេស ហើយវាក៏ជារោងចក្រធំជាងគេបង្អស់ប្រចាំនៅតំបន់អឺរ៉ុបផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនបានឲ្យដឹងថា អាគារប្រតិបត្តិការណ៍របស់រោងត្រូវបានភ្លើងឆេះ ហើយក្រុមមន្ត្រីអ៊ុយក្រែនក៏បានស្នើឲ្យកងកម្លាំងរុស្ស៊ីផ្អាកការវាយប្រហារសិនផងដែរ ដើម្បីទុកពេលឲ្យក្រុមពន្លត់អគ្គិភ័យអាចពន្លត់ភ្លើងឲ្យបានទាន់ពេលវេលា មុនពេលរោងចក្រទាំងមូលត្រូវផ្ទុះឡើង។ បើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានបញ្ជាក់ថា ប្រសិនបើរោងចក្រនុយក្លែអ៊ែរមួយនេះបានផ្ទុះឡើងវានឹងធ្វើឲ្យមានការសាយភាយជាតិវិទ្យុសកម្មយ៉ាងច្រើននិងផ្តល់វិនាសសកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សជាតិ ព្រោះវាជារោងចក្រដ៏ធំនិងអាចផ្តល់ផលអាក្រក់លើសពីការផ្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl រហូតដល់ ១០ ដងឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






