អន្តរជាតិ

រុស្ស៊ីបញ្ចូលឈ្មោះប្រទេសទាំងនេះនៅតំបន់អាស៊ី ចូលក្នុងបញ្ចីជាប្រទេស “អមិត្ត”

BY
Pheakdey
March 9, 2022

រុស្ស៊ី៖ គិតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមកគឺវាមានរយៈពេលប្រមាណជា ២សប្តាហ៍ហើយ ដែលកងទ័ពរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបនឹងសកម្មភាពឈ្លានពាននេះ បណ្តាប្រទេសធំៗនិងស្ថាប័នកំពូលៗជាច្រើនបានសម្រេចដាក់ទណ្ឌកម្មនិងសម្ពាធទៅកាន់រដ្ឋាភិបាលរុស្ស៊ីតាមរូបភាពផ្សេងៗដើម្បីឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួន។ យ៉ាងណាក្តី រដ្ឋាភិបាលរុស្ស៊ីហាក់មិនមានការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មទាំងអស់នោះទេ​ ហើយផ្ទុយទៅវិញកាលពីដើមសប្តាហ៍នេះរុស្ស៊ីបានសម្រេចបញ្ចេញបញ្ជីឈ្មោះប្រទេសមួយចំនួនដែលរុស្ស៊ីចាត់ទុកថាជាប្រទេស “អមិត្ត” របស់ខ្លួនទៀតផង។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AA បានឲ្យដឹងថា ប្រទេស “អមិត្ត” របស់រុស្ស៊ីទាំងនោះរួមមាន ប្រទេសអាល់បានី អង់ដូរ៉ា អូស្ត្រាលី ចក្រភពអង់គ្លេស រួមមាន ជេស៊ី អង់ហ្គីឡា កោះ British Virgin កោះ Gibraltar រដ្ឋសមាជិកសហភាពអឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន មីក្រូនេស៊ី ម៉ូណាកូ នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង សាន់ម៉ារីណូ ម៉ាសេដូនខាងជើង សិង្ហបុរី សហរដ្ឋអាមេរិក តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស និងប្រទេសជប៉ុន។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះការឈ្លានពានរបស់រុស្ស៊ីបានបណ្តាលឲ្យមានមនុស្ស ៣៥៤នាក់បានស្លាប់បាត់បង់ជីវិត មនុស្ស ៧៥៩នាក់ត្រូវរងរបួស និងមានពលរដ្ឋអ៊ុយក្រែនជាង ១​,៧លាននាក់បានភៀសខ្លួនចេញក្រៅប្រទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ AA

Share This Post: