ចូលរួមរំលែកទុក្ខផង! អ្នកជំងឺម្នាក់ដែលធ្លាប់វះកាត់ផ្លាស់ប្តូរដាក់បេះដូងសត្វជ្រូក ពេលនេះបានទទួលមរណភាពហើយ
- BY
- Pheakdey
- March 10, 2022
មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បានឲ្យដឹងថា បុរសអាមេរិកម្នាក់ដែលទទួលបានការវះកាត់ផ្លាស់ប្តូរដាក់បេះដូចសត្វជ្រូកនាពេលកន្លងមកនោះគឺពេលនេះគាត់បានទទួលមរណភាពហើយ។ គួររម្លឹកជូនថា បុរសដែលទទួលបានការវះកាត់ដ៏អស្ចារ្យដំបូងគេនេះមានឈ្មោះថា David Bennett អាយុ ៥៧ឆ្នាំ រស់នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ហើយរូបគាត់ជាអ្នកដែលមានជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទផងដែរ។ នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកបានធ្វើការវះកាត់ផ្លាស់ប្តូរដាក់បេះដូងសត្វជ្រូកដែលជាប្រភេទសត្វជ្រូកគេចិញ្ចឹមដោយបានផ្លាស់ប្តូរហ្សែនដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរូបនេះ ហើយប្រតិបត្តិការណ៍វះកាត់នោះក៏បានទទួលជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យវេជ្ជសាស្រ្តផងដែរ។

យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Bartley P. Griffith បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី៩ ខែមីនាម្សិលមិញនេះថា លោក David Bennett បានទទួលមរណភាពហើយ ព្រោះតែសុខភាពរបស់គាត់ចុះទ្រុឌទ្រោមខ្លាំងរហូតខាងគ្រូពេទ្យជួយសង្គ្រោះជីវិតគាត់លែងបាន។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា វិស័យវេជ្ជសាស្រ្តអាមេរិកទាំងមូលមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់លោក David Bennett ដ្បិតរូបគាត់ជាអ្នកជំងឺដែលមានភាពអត់ធ្មត់និងក្លាហានបំផុតក្នុងការស័្មគ្រចិត្តឲ្យក្រុមអ្នកវិទ្យាសាស្រ្តប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ផ្សេងៗដើម្បីទុកជាប្រយោជន៍ចំពោះអ្នកជំងឺជាច្រើននាក់ផ្សេងទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






