អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តហិរញ្ញប្បទានសង្គ្រោះបន្ទាន់ ១,៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

BY
Pheakdey
March 10, 2022

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃពុធ ទី៩ ខែមីនាម្សិលមិញនេះថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តហិរញ្ញប្បទានសង្គ្រោះបន្ទាន់ចំនួន ១,៤ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។ បើយោងតាមការបញ្ជាក់របស់បណ្តាញសារព័ត៌មាន Channel News Asia គឺកញ្ចប់ថវិកាទាំងនោះនឹងត្រូវប្រើប្រាស់ដើម្បីជួយបំពេញតម្រូវការចំណាយបន្ទាន់ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចក្នុងប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយការលុកលុយពីសំណាក់យោធារបស់រុស្ស៊ី។

គួររម្លឹកថា កងទ័ពរុស្ស៊ីបានផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក ហើយរហូតមកទល់នឹងពេលនេះការប្រឈមគ្នាផ្នែកយោធារវាងប្រទេសទាំង ២បានឈានចូលដល់សប្តាហ៍ទី ២ហើយ។ ក្នុងរយៈពេលជាង ១០ ថ្ងៃមកនេះ កងទ័ពរុស្ស៊ីបានបើកការវាយប្រហារចូលទៅក្នុងតំបន់សំខាន់ៗ កាន់កាប់ក្រុងចំនួន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនជាច្រើនផងដែរ។ ចំពោះពលប៉ះពាល់សម្រាប់ពលរដ្ឋវិញគឺគិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែនជាង ១,៥លាននាក់បានរត់ភៀសខ្លួនចេញក្រៅប្រទេស ជាច្រើនរយនាក់ត្រូវស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

 

Share This Post: