អន្តរជាតិ

WHO បញ្ជាក់ថាទោះកូវីដរាតត្បាតបាន ២ឆ្នាំហើយក៏ដោយ តែគិតត្រឹមពេលនេះកូវីដហាក់នៅឆ្ងាយពីទីបញ្ចប់ខ្លាំងណាស់

BY
Pheakdey
March 10, 2022

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី៩ ខែមីនាម្សិលមិញនេះបានប្រកាសសាជាថ្មីថា បើទោះជាជំងឺកូវីដ-១៩ បានបន្តរាតត្បាតអស់រយៈ ២ឆ្នាំមកហើយក្តី តែគិតត្រឹមពេលនេះគឺកូវីដ-១៩ ហាក់នៅឆ្ងាយពីបញ្ចប់ណាស់ ឬអាចនិយាយដោយងាយថា កូវីដ-១៩នឹងត្រូវអូសបន្លាយក្នុងរយៈពេលយ៉ាងយូរទៀតដោយមិនដឹកបញ្ចប់ទៅពេលណានោះទេ។ គួររម្លឹកជូនថា អគ្គនាយកអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានប្រកាសទទួលស្គាល់ថា កូវីដ-១៩ជាប្រភេទជំងឺរាតត្បាតកាចសាហាវ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០កន្លងមក ហើយបើគិតត្រឹមថ្ងៃសុក្រ ទី១១ ខែមីនាស្អែកនេះគឺវាមានរយៈពេល ២ឆ្នាំពេញតែម្តង។

លោក Tedros Adhanom Ghebreyesu

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៤៥១លាននាក់ និងបានរកឃើញអ្នកស្លាប់សរុបជាង ៦លាននាក់ផងដែរ។ ចំពោះប្រទេសដែលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតវិញគឺសហរដ្ឋអាមេរិកបានឈរនៅលំដាប់ទី ១ ឥណ្ឌាលេខ២ និងប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី ៣។ ដោយឡែកចំពោះករណីស្លាប់វិញ គឺអាមេរិកស្ថិតនៅលំដាប់ទី ១ ប្រទេសប្រេស៊ីលនៅលំដាប់ទី ២​ ខណៈឥណ្ឌានៅលំដាប់ទី ៣។របាយកាណ៍របស់អង្គការសុខភាពពិភពលោកក៏បានបង្ហាញផងដែរថា ៩៩,៧ % នៃជំងឺកូវីដ-១៩ ដែលបានរាតត្បាតក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយនេះគឺជាមេរោគអូមីក្រុង ដែលមានសមត្ថភាពអាចចម្លងបានលឿនតែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: