ចិនអះអាងថា អាមេរិកបានលួចប្រើប្រាស់បណ្តាញកុំព្យូទ័រខ្លួន ដើម្បីវាយប្រហារបណ្តាញអ៊ីនធឺណិតនៅរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស
- BY
- Pheakdey
- March 12, 2022
ចិន៖ ប្រទេសចិនបានអះអាងថា អាមេរិកបានប្រើប្រាស់កុំព្យូទ័រខ្លួនដើម្បីធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ដោយបានស្រង់យកខ្លឹមសារទាំងពីស្រុងពីបណ្តាញសារព័ត៌មានរដ្ឋចិនស៊ីនហួរ កាលពីថ្ងៃសុក្រ ទី១១ ខែមីនាម្សិលមិញនេះ។ បើតាមក្រុមបច្ចេកទេសឆ្លើយតបបន្ទាន់បណ្តាញកុំព្យូទ័រជាតិនិងមជ្ឈមណ្ឌលសម្របសម្រួលនៃប្រទេសចិនបានបញ្ជាក់ថា គឺចាប់តាំងពីខែកុម្ភៈមកចិនបានទទួលរងនូវការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតជាបន្តបន្ទាប់ ហើយក្រោយពីការពិនិត្យរួចគេបានរកឃើញថា ការវាយប្រហារនោះបានបង្កឡើងដោយកុំព្យូទ័រចេញពីសហរដ្ឋអាមេរិក។

ស្ថាប័នកំពូលរបស់ចិនខាងនេះបានបន្តថា ក្រោយពីបានវាយប្រហារនិងចូលគ្រប់គ្រងលើបណ្តាញកុំព្យូររបស់ខ្លួនហើយគឺអាមេរិកបានបន្តប្រើប្រាស់បណ្តាញកុំព្យូទ័រចិនទៅវាយប្រហារចូលក្នុងបណ្តាញកុំព្យូទ័រនៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ី និងបេឡារុស្សជាបន្តទៀត។ ស្ថានភាពនេះត្រូវបានក្រុមអ្នកជំនាញចិនហៅថា គឺជាការខ្ចីដៃមនុស្សប្រើ ពោលគឺអាមេរិកបានលួចប្រើប្រាស់បណ្តាញកុំព្យូទ័រចិនដើម្បីស៊ើបការឬធ្វើការវាយប្រហារតាមរូបភាពណាមួយដើម្បីផលប្រយោជន៍របស់ខ្លួន តែបានទម្លាក់កំហុសនេះទៅឲ្យចិនជាអ្នកទទួលជំនួស។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះភាគីចិននៅមិនបានបញ្ជាក់ឲ្យច្បាស់ទេថា ការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់អាមេរិកនេះបានបង្កផលប៉ះពាល់អ្វីខ្លះសម្រាប់ចិន ហើយចិនក៏មិនបានបញ្ជាក់ថានឹងចាត់វិធានការយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅកាន់អាមេរិកវិញនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






