អន្តរជាតិ

រុស្ស៊ីសម្រេចបិទមិនឲ្យពលរដ្ឋខ្លួនប្រើបណ្តាញសង្គម Instagram បានទៀតឡើយ ដោយសារតែចំណុចទាំងនេះ

BY
Pheakdey
March 14, 2022

រុស្ស៊ី៖ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃអាទិត្យម្សិលមិញមក ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីមិនអាចចូលទៅប្រើប្រាស់បណ្តាញសង្គម Instagram  បានទៀតនោះទេ​ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail ។ បញ្ហាអសកម្មនេះត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook និង Instagram បានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួននៅក្នុងប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ុយក្រែន និងប៉ូឡូញអាចបង្ហោះសារអំពាវនាវឲ្យមានអំពើហឹង្សាប្រឆាំងនឹងប្រទេសរុស្ស៊ីនិងកងកម្លាំងរុស្ស៊ីដែលកំពុងធ្វើការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនបាន។

ជាងនេះទៅទៀតក្រុមហ៊ុន ​Meta ថែមទាំងអនុញ្ញាតឲ្យបង្ហោះសារដែលមានខ្លឹមសារអំពាវអំពីការស្លាប់របស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  និងប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko ទៀតផង។ យ៉ាងណាក្តី ការបង្ហោះសារទាំងនេះត្រូវបានអនុញ្ញាតដោយមានលក្ខខណ្ឌមួយចំនួនដូចជាកំណត់ទីតាំង គោលបំណង និងអត្តសញ្ញាណបុគ្គលគោលដៅឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប៉ះពាល់ជាសាធារណៈ។ បើតាមក្រុមហ៊ុន Meta បានឲ្យដឹងថា ក្រុមហ៊ុនមិនអាចបិទមិនឲ្យពលរដ្ឋអ៊ុយក្រែនអាចបញ្ចេញមតិនិងសេចក្តីទុកសោករបស់ពួកគេចំពោះសង្គ្រាមរុស្ស៊ីបាននោះទេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវជួយក្រុមពលរដ្ឋរងគ្រោះទាំងនោះតាមរូបភាពដែលអាចធ្វើទៅបាន។

ដោយឡែកសម្រាប់ប្រទេសរុស្ស៊ីបានចាត់ទុកឥរិយាបថរបស់ក្រុមហ៊ុន Meta ថា គឺជាការញុះញង់ឲ្យមានអំពីហឹង្សាជាសាធារណៈ  ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចសុំការពន្យល់ពីខាងអាជ្ញាធររុស្ស៊ីបាននៅឡើយទេជុំវិញបញ្ហាបិទមិនឲ្យពលរដ្ឋខ្លួនអាចប្រើប្រាស់បណ្តាញសង្គម Instagram បាននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: