អន្តរជាតិ

ភ្ញៀវទេសចររុស្ស៊ីរាប់ពាន់នាក់កំពុងជាប់គាំងនៅប្រទេសថៃ ដោយសារគ្មានមធ្យោបាយត្រលប់ទៅប្រទេសកំណើតវិញ

BY
Pheakdey
March 14, 2022

ថៃ៖ ភ្ញៀវទេសចរជនជាតិរុស្ស៊ីរាប់ពាន់នាក់កំពុងសម្រុករកផ្លូវចាកចេញពីប្រទេសថៃដើម្បីត្រលប់ទៅប្រទេសកំណើតវិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរថៃដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ម្សិលមិញនេះ។ ការសម្រុកចាកចេញរបស់ពលរដ្ឋរុស្ស៊ីនេះត្រូវបានកើតឡើង ខណៈពេលដែលទណ្ឌកម្មរបស់ពិភពលោកចំពោះសកម្មភាពដែលកងទ័ពរុស្ស៊ីបានចូលទៅឈ្លានពានក្នុងប្រទេសអ៊ុយក្រែនកាន់តែមានភាពធ្ងន់ធ្ងរឡើងៗនិងបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរុស្ស៊ីជាច្រើននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ីនិងក្រុមពលរដ្ឋរុស្ស៊ីដែលកំពុងដើរកំសាន្តនៅតាមបណ្តាប្រទេសមួយចំនួនផងដែរ។

បើតាមអាជ្ញាធរថៃទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋរុស្ស៊ីចំនួន ៣,១០០ នាក់កំពុងជាប់គាំងនៅក្នុងខេត្តភូកេត ពលរដ្ឋរុស្ស៊ីចំនួន ២,០០០នាក់កំពុងជាប់នៅក្នុងខេត្តសាមុយ និងពលរដ្ឋរុស្ស៊ីជាច្រើននាក់ផ្សេងកំពុងជាប់នៅក្នុងខេត្តក្រាប៊ី ប៉ាងញ៉ា និងក្រុងបាងកក ហើយក្រុមអ្នកទេសចររុស្ស៊ីទាំងនេះសុទ្ធតែមិនអាចរកមធ្យោបាយត្រលប់ទៅប្រទេសកំណើតបានវិញ ដ្បិតប្រទេសជាច្រើនបានសម្រេចបិទចរាចរណ៍ដែនអាកាសជាមួយរុស្ស៊ីរួចអស់ហើយ។ អាជ្ញាធរទេសចរណ៍ថៃក៏បានឲ្យដឹងផងដែរថា ពេលនេះរដ្ឋាភិបាលថៃកំពុងស្វែងរកមធ្យោបាយដើម្បីជួយឲ្យពលរដ្ឋរុស្ស៊ីទាំងអស់នេះអាចត្រលប់ទៅកាន់ប្រទេសពួកគេវិញ ដែលមធ្យោបាយនោះទំនងជាការប្រើប្រាស់ជើងហោះហើរពិសេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: