អន្តរជាតិ

អ្នកប្រឆាំងនឹងសង្គ្រាមម្នាក់បានចេញមករំខានការផ្សាយផ្ទាល់កម្មវិធីព័ត៌មានរបស់ទូរទស្សន៍រុស្ស៊ីដែល មានអ្នកកំពុងទស្សនារាប់លាននាក់

BY
Pheakdey
March 15, 2022

រុស្ស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៤ ខែមីនា ម្សិលមិញនេះ មានអ្នកប្រឆាំងនឹងសង្គ្រាមរុស្ស៊ីម្នាក់បានចេញមករំខានការផ្សាយផ្ទាល់កម្មវិធីព័ត៌មានរបស់បណ្តាញទូរទស្សន៍ Channel One ដែលជាស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ី។ សកម្មភាពដែលអ្នកប្រឆាំងនឹងសង្គ្រាមរុស្ស៊ីរូបនោះបានធ្វើគឺគាត់បានដើរចេញមកពីក្រោយស្ទូឌីយោនិងបានលើកបដាធំមួយដើម្បីសម្តែងនូវការប្រឆាំងចំពោះសង្គ្រាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ខណៈកម្មវិធីព័ត៌មានមួយនេះកំពុងមានមនុស្សទស្សនារាប់លាននាក់។

នៅលើបដានោះមានសរសេរអក្សទាំងជាភាសាអង់គ្លេសនិងភាសារុស្ស៊ីដែលមានអត្ថន័យថា៖ “គ្មានសង្គ្រាម” “បញ្ឈប់សង្គ្រាម” “កុំជឿលើការឃោសនា” “ពួកគេកំពុងកុហកអ្នកនៅទីនេះ” និងពាក្យ “សកម្មភាពដែលពលរដ្ឋរុស្ស៊ីប្រឆាំងនឹងសង្គ្រាមត្រូវបានគេបិទបាំង”។ គួរបញ្ជាក់ជូនថា ឥរិយាបថខាងលើនេះត្រូវបានគេចាត់ទុកថាជាសកម្មភាពដ៏កម្រមួយដែលបានកើតឡើងនៅក្នុងស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ី ដ្បិតតាមធម្មតាស្ថានីយ៍មួយនេះមាននិន្នាការគាំទ្ររដ្ឋបាលរុស្ស៊ី។ ជាងនេះទៅទៀតវាក៏បានបង្ហាញអំពីការខ្វែងគំនិតគ្នាយ៉ាងដាច់ស្រឡះរវាងពលរដ្ឋរុស្ស៊ីជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីជុំវិញការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនដែលបង្កឲ្យមានសង្គ្រាមនិងវិបត្តិយ៉ាងច្រើននៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: