អាមេរិកព្រមានមិនឲ្យចិនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនិងយោធាទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន
- BY
- Pheakdey
- March 15, 2022
សហរដ្ឋអាមេរិកបានព្រមានទៅកាន់ប្រទេសចិនឲ្យមិនឲ្យផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនិងយោធាទៅកាន់ ប្រទេសរុស្ស៊ីនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនានេះ។ ការព្រមានខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលពិភពលោកបន្តដាក់ទណ្ឌកម្មចំពោះអ្នកនយោបាយជាន់ខ្ពស់និងក្រុមមហាសេដ្ឋីរុស្ស៊ីកាន់តែច្រើននាក់បន្ថែមទៀត ខណៈដែល សកម្មភាពឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ពាននាក់ហើយ បើគិតចាប់ពីពេលបើកការវាយប្រហារនៅថ្ងៃទី ២៤ ខែកុម្ភៈមក។

នៅចំពោះមុខការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែននេះ រុស្ស៊ីតែងអះអាងអំពីសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការណ៍យោធាពិសេស” ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងការពារប្រទេសនិងទប់ស្កាត់អំពើប្រល័យពូជសាសន៍ពីសំណាក់ប្រទេសដែលជាសត្រូវជាមួយរុស្ស៊ី។ បើទោះជាយ៉ាងនេះក៏ដោយចុះ សហរដ្ឋអាមេរិកនិងបណ្តាលប្រទេសជាសម្ព័ន្ធមិត្តបានបដិសេធចំពោះការអះអាងរបស់រុស្ស៊ីនិងបានចាត់ថាវាគ្រាន់តែជាលេសរបស់រុស្ស៊ីប៉ុណ្ណោះ ហើយជាក់ស្តែងសកម្មភាពនេះគឺជាការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនដោយខុសច្បាប់និងឃោឃៅបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






