ផ្សារចំនួន៩កន្លែងនៅក្នុងភ្នំពេញ ដែលមិនមានលក់អាហារមានជាតិគីមីឡើយ ក្រោយមន្ត្រីជំនាញធ្វើតេស្តរួច
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic ដោយទទួលបានការចូលរួមសហការពីមន្ត្រីនាយកដ្ឋានមន្ទីពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ និងរកសារធាតុគីមីហាមឃាត់នៅក្នុងទំនិញមួយចំនួន ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ដូចជា ផ្សារច្បារអំពៅ ផ្សារសិនជូរីផ្លាស្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារជម្ពូវ័ន និងផ្សារទួលទំពូង។
ដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើទំនិញមួយចំនួន ដូចជា៖ ឈាមជ្រូក, លត, ផ្អកពងត្រី, សណ្តែកបណ្តុះ, តៅហ៊ូដុំ, គ្រឿងសមុទ្រ គុយទាវសរសៃតូច, បាញ់កាញ់, មីគ្រប់មុខ, ទឹកខ្មេះគ្រប់ប្រភេទ, ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងទំនិញនោះទេ ហើយបានយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោនធ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងការទុកដាក់ផលិតផលទំនិញឲ្យបានត្រឹមត្រូវ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល





