ថៃអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចចូលមកប្រទេសខ្លួនដោយមិនបាច់ធ្វើតេស្តកូវីដ-១៩ដោយម៉ាស៊ីន PCR
- BY
- Pheakdey
- March 17, 2022
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានសម្រេចអនុញ្ញាតឲ្យគ្រប់អ្នកដំណើរទាំងអស់អាចធ្វើដំណើរចូលទៅក្នុងប្រទេសខ្លួនបានដោយមិនចាំបាច់ធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយម៉ាស៊ីនធំ (PCR) នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនានេះ។ យ៉ាងណាក្តី អ្នកដំណើរត្រូវតម្រូវឲ្យអនុវត្តវិធានការ Test & Go ពោលគឺពេលមកដល់ទឹកដីថៃភ្លាមត្រូវធ្វើតេស្តដោយឧបករណ៍រហ័ស ហើយបើគ្មានលទ្ធផលវិជ្ជមានទេគឺពួកគេអាចបន្តដំណើរគ្រប់ទីកន្លែងក្នុងប្រទេសថៃបានភ្លាមតែម្តង។

គួររម្លឹកជូនថា នាពេលកន្លងអ្នកដំណើរអន្តរជាតិដែលចង់ទៅប្រទេសថៃត្រូវតែបង្ហាញលទ្ធផលតេស្តកូវីដ-១៩ ដោយម៉ាស៊ីនធំដែលបានធ្វើក្នុងរយៈពេលយ៉ាងតិចណាស់ ៧២ម៉ោងមុនពេលចេញដំណើរមកកាន់ប្រទេសថៃ។ ក្រោយពេលមកដល់ប្រទេសថៃភ្លាមពួកគេក៏តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំនៅក្នុងប្រទេសថៃម្តងទៀតផងដែរ និងត្រូវចំណាយពេលស្នាក់នៅក្នុងសណ្ឋាគារមួយយប់ដើម្បីរង់ចាំមើលលទ្ធផលតេស្តមុននឹងអាជ្ញាធរថៃអនុញ្ញាតឲ្យបន្តដំណើរទៅកាន់កន្លែងផ្សេងទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






