អន្តរជាតិ

វិមានក្រឹមឡាំងប្រាប់អាមេរិកថា៖ លោក ចូ បៃឌិន គ្មានសិទ្ធបង្រៀនរុស្ស៊ីអំពីឧក្រិដ្ឋកម្មសង្គ្រាមនោះទេ

BY
Pheakdey
March 18, 2022

វិមានក្រឹមឡាំងបានប្រាប់ទៅកាន់អាមេរិកថា លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្មានសិទ្ធបង្រៀនរុស្ស៊ីអំពីឧក្រិដ្ឋកម្មសង្គ្រាមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនានេះ។ ការថ្លែងរបស់វិមានក្រឹមឡាំងដូចខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ចូ បៃឌិន កាលពីថ្ងៃពុធ កន្លងទៅបានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាឧក្រិដ្ឋជនសង្គ្រាម ព្រោះរូបលោកជាអ្នក​បញ្ជាឲ្យមានការឈ្លានពានដោយកម្លាំងយោធាចូលទៅក្នុងប្រទេសអ៊ុយក្រែនដែលបង្កឲ្យមានអ្នកស្លាប់និងបញ្ហាជាច្រើននៅជុំវិញពិភពលោក។

គួរបញ្ជាក់ជូន គិតត្រឹមពេលនេះសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនបានបង្កឲ្យមានមនុស្សរាប់ពាន់នាក់ស្លាប់ ពលរដ្ឋប្រមា​ណជា ៣លាននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពឬភៀសខ្លួនទៅកាន់ប្រទេសទី២ ខណៈពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ផ្សេងទៀតកំពុងតែរស់នៅក្នុងភាពភ័យខ្លាចជាទីបំផុត។ នៅចំពោះមុខសកម្មភាពឈ្លានពានរបស់រុស្ស៊ីនេះ ពិភពលោកបាននាំគ្នាថ្កោលទោសនិងដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ីតាមរូបភាពផ្សេងៗជាបន្តបន្ទាប់ តែប៉ុន្តែរុស្ស៊ីហាក់មិនបន្ទន់ឥរិយាបថទាល់តែសោះចំពោះសង្គ្រាមមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: