អន្តរជាតិ

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ៦២ម៉ឺននាក់ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន

BY
Pheakdey
March 18, 2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ ពោលគឺតួលេខអ្នកឆ្លងមានរហូតដល់ ៦២១,៣២៨នាក់។ នៅចំពោះមុខតួលេខអ្នកឆ្លងដ៏ច្រើននេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងត្បូងជិតឈានដល់កម្រិតខ្ពស់បំផុត ឬ ដំណាក់កាលប្រកាសអាសន្នកម្រិតខ្ពស់បំផុតហើយ។

បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា កូរ៉េខាងត្បូងជាប្រទេសដែលមានកំណើតអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុបជាង ៨,៦លាននាក់ និងស្លាប់ជាង ១ម៉ឺននាក់ផងដែរ។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ គឺគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៦២%ផ្សេងទៀតបានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុប ៥២លានាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: