គិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែន ៣,២៥លាននាក់ហើយដែលបានភៀសខ្លួនចេញក្រៅប្រទេសព្រោះតែការឈ្លានពានរបស់រុស្ស៊ី
- BY
- Pheakdey
- March 19, 2022
ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន មានពលរដ្ឋអ៊ុយក្រែនជាង ៣,២៥ លាននាក់ បានភៀសខ្លួនពីប្រទេសរបស់ពួកគេ ដោយក្នុងនោះមានជិត ២លាននាក់បានឆ្លងកាត់ព្រំដែនប៉ូឡូញ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា មនុស្សចំនួន ៣, ២៧០,៦៦២ នាក់ បានក្លាយជាជនភៀសខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ខណៈមាន ១០០,៧៦៥ នាក់បន្ថែមទៀត គិតចាប់តាំងពីការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យរបស់ UNHCR បាននិយាយថា ៩០% នៃអ្នកជនភៀសខ្លួន គឺជាស្ត្រីនិងកុមារ ដោយសារតែបុរសអ៊ុយក្រែន ដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំ ត្រូវបានហោះហៅឱ្យចូលបម្រើកងទ័ព ដូច្នេះពួកគេមិនអាចភៀសខ្លួនចេញពីប្រទេសនោះទេ។
![]()
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃពុធនេះ ពលរដ្ឋអ៊ុយក្រែនចំនួន ១៦២,០០០ នាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ UNHCR បានប៉ាន់ប្រមាណជាដំបូងថា ប្រជាជនរហូតដល់ ៤ លាននាក់ អាចចាកចេញពីអ៊ុយក្រែន ប៉ុន្តែកាលពីសប្តាហ៍មុនអង្គការបានទទួលស្គាល់ថា តួលេខនេះអាចនឹងត្រូវបានកែសម្រួលឡើង។ មុនពេលជម្លោះអ៊ុយក្រែនមានប្រជាជនចំនួន ៣៧ លាននាក់ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដោយមិនរាប់បញ្ចូលតំបន់គ្រីមៀ និងតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើត។ តាមការវិភាគរបស់ UNHCR បានបង្ហាញថា ពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញចំនួន ១,៩៧៥,៤៤៩ នាក់, រូម៉ានី ៥០៨.៦៩២ នាក់, ម៉ុលដាវី ៣៥៥,៤២៦ នាក់ ហុងគ្រី ២៩១,២៣០ នាក់ ស្លូវ៉ាគី ២៣៤,៧៣៨ រុស្ស៊ី ១៨៤, ៥៦៣នាក់ និងទៅកាន់ប្រទេសបេឡារុស្ស ២, ១២៧ ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
- Share This Post:






