ពលរដ្ឋថៃជាង ១០០នាក់ស្ម័គ្រចិត្តផ្តល់កន្លែងស្នាក់នៅដោយមិនគិតថ្លៃចំពោះពលរដ្ឋអ៊ុយក្រែនដែលកំពុងជាប់នៅក្នុងប្រទេសថៃ
- BY
- Pheakdey
- March 19, 2022
ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសថៃកាលពីថ្ងៃសុក្របានឱ្យដឹងថា ជនជាតិថៃជាង ១០០ នាក់ កំពុងដាក់ពាក្យស្នើផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់ជនជាតិអ៊ុយក្រែន ដែលជាប់គាំងក្នុងប្រទេសថៃ ចំពេលដែលប្រទេសអ៊ុយក្រែនកំពុងមានសង្រ្គាមជាមួយរុស្ស៊ី។ លោក Oleksandr Lysak ឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំប្រទេសថៃ បាននិយាយថា៖«សម្រាប់ពេលនេះ មានសំណើជាង ១០០ ពីពលរដ្ឋថៃដែលយើងបានទទួលបាន ហើយយើងជាជនជាតិអ៊ុយក្រែនមានអំណរគុណយ៉ាងខ្លាំងចំពោះឱកាសនេះ ក្នុងការស្នាក់នៅប្រទេសថៃ ដោយមានកន្លែងស្នាក់នៅមិនគិតថ្លៃ»។ លោកបាននិយាយថា មានជនជាតិអ៊ុយក្រែនជាង ៣ ពាន់នាក់ កំពុងជាប់គាំងនៅក្នុងប្រទេសថៃ។

លោកបានមានប្រសាសន៍ថា ស្ថានទូតបានស្នើទៅការិយាល័យអន្តោប្រវេសន៍ ពិចារណាផ្តល់ការពន្យារទិដ្ឋាការដល់ជនជាតិអ៊ុយក្រែនដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយបន្ថែមថា ស្ថានទូតក៏បាននិងកំពុងព្យាយាមផ្តល់ជំនួយដល់ពួកគេផងដែរ។ ទាក់ទងនឹងការបរិច្ចាគជាសាច់ប្រាក់ លោកបាននិយាយថា ប្រាក់ដែលផ្តល់ដោយជនជាតិថៃ ត្រូវបានផ្ញើទៅធនាគារជាតិនៃអ៊ុយក្រែនជារៀងរាល់ថ្ងៃ ដោយកត់សម្គាល់ថា ការផ្ទេរប្រាក់អាចត្រូវបានតាមដានក្នុងគោលបំណងតម្លាភាព។ លោកបានថ្លែងថា៖ «នៅពេលនេះ យើងបានផ្ញើប្រាក់ថៃជាង ៥ លានបាត ទៅធនាគារជាតិអ៊ុយក្រែនរបស់យើងហើយ»។ លោក Lysak បានបន្ថែមថា៖«លើសពីនេះទៅទៀត យើងកំពុងបង្កើតកូដ QR ជាមួយធនាគារថៃ ដូច្នេះប្រជាជនថៃអាចជួយអ៊ុយក្រែនកាន់តែងាយស្រួល»។ ពួកគេក៏នឹងធ្វើបច្ចុប្បន្នភាពរាល់ការបរិច្ចាគទាំងអស់ ដើម្បីឱ្យអ្នកបរិច្ចាគបានដឹងថាទឹកប្រាក់របស់ពួកគេទៅដល់ណាខ្លះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
ប្រភព៖ bangkokpost
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






