អន្តរជាតិ

ថៃបង្ហាញនូវក្តីព្រួយបារម្ភអំពីហានិភ័យនៃការរាតត្បាតកូវីដ-១៩ក្នុងចំណោមមនុស្សចាស់នៅអំឡុងពេលបុណ្យ “សង្ក្រាន្តថៃ”

BY
Pheakdey
March 21, 2022

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានបង្ហាញនូវក្តីកង្វល់ជាថ្មីជុំវិញហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងចំណោមពលរដ្ឋវ័យចំណាស់ក្នុងអំឡុងពេលនៃពិធីបុណ្យចូលប្រពៃណីខាងមុននេះ ឬជាធម្មតាគេតែងហៅថា “សង្ក្រាន្តថៃ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនានេះ។ ការបង្ហាញនូវក្តីព្រួយបារម្ភនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាមនុស្សចាស់ក្នុងចំនួនដ៏ច្រើនក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ​ ហើយក្រុមមនុស្សចាស់ទាំងនោះគឺភាគច្រើនជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការនោះទេ។

ឆ្លើយតបនឹងក្តីព្រួយបារម្ភមួយនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានអំពាវនាវឲ្យក្រុមពលរដ្ឋវ័យចំណាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺត្រូវចាក់ឲ្យបានរួចរាល់រាល់មុនពេលដែលបុណ្យ “សង្ក្រាន្តថៃ” ចូលមកដល់។ តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតត្រឹមពេលនេះគឺមានពលរដ្ឋវ័យចំណាស់នៅទូទាំងប្រទេសថៃប្រមាណជា ២,១ លាននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូម្បីតែ ១ដូស ខណៈមានពលរដ្ឋវ័យចំណាស់ចំនួន ១០លាននាក់បានចាក់ត្រឹមដូសទី ២ និងមាន ៤,២លាននាក់បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

Share This Post: