អន្តរជាតិ

អាជ្ញាធរថៃព្រមានមិនឲ្យមានការដំឡើងថ្លៃចំពោះសេវាដឹកជញ្ជូនម្ហូប ខណៈតម្លៃប្រេងសាំងនៅលើទីផ្សារឡើងថ្លៃក៏ដោយ

BY
Pheakdey
March 22, 2022

ថៃ៖ អាជ្ញាធរថៃបានព្រមានមិនឲ្យក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដំឡើងថ្លៃចំពោះសេវាដឹកជញ្ជូននោះទេ បើទោះជាតម្លៃប្រេងសាំងនៅលើទីផ្សារបានឡើងថ្លៃក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand  បានឲ្យដឹងថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃបានពិភាក្សាជាមួយបណ្តាក្រុមហ៊ុនដែលជាប្រតិបត្តិករដឹកជញ្ជូនចំណីអាហាររួចអស់ហើយជុំវិញបញ្ហានេះ ដោយក្រុមទាំងនោះរួមមានក្រុមហ៊ុន Shopee, Lazada, Grab Food, Lineman, Foodpanda, Robinhood, និងក្រុមហ៊ុន AirAsia Food ជាដើម។

បើតាមលោក Wattanasak Sueaiam ដែលជាប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានបញ្ជាក់ថា ការសម្រេចព្រមានមិនឲ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើងថ្លៃសេវាកម្មរបស់ពួកគេត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងប្រទេសថៃ ពោលគឺក្នុងពេលបច្ចុប្បន្ននេះពលរដ្ឋជាច្រើនបានរស់នៅដោយពឹងផ្អែកលើសេវាកម្មដឹកជញ្ជូននេះជាសំខាន់តែម្តង។ លោកបានបន្តថា ការដំឡើងថ្លៃដឹកជញ្ជូនចំណីអាហារនឹងបង្កឲ្យមានវិបត្តិមួយបន្ថែមទៀតនៅក្នុងសង្គម  ខណៈបញ្ហាកូវីដ-១៩ និងសាំងឡើងថ្លៃបានបង្កឲ្យមានផលប៉ះពាល់យ៉ាងច្រើនរួចទៅហើយ។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា ចំពោះអ្នកដឹកជញ្ជូនណាដែលមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរគឺនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ១០,០០០ បាត (ជិត ៣០០ដុល្លារអាមេរិក) ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

 

Share This Post: