ស្ត្រីមេម៉ាយលង់ចិត្តស្រលាញ់បុរសដែលស្គាល់គ្នាតាម Instagram ចុងក្រោយត្រូវបុរសនោះបោកលួងលោមឲ្យផ្ញើលុយឲ្យជិត២០០ដង
- BY
- Pheakdey
- March 23, 2022
ម៉ាឡេស៊ី៖ ស្ត្រីចំណាស់ជនជាតិម៉ាឡេស៊ីម្នាក់ចាញ់បោកបុរសដែលបានស្គាល់គ្នាតាមបណ្តាញអ៊ីនណឺធិតអស់ប្រាក់ជិត ១ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនានេះ។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេដើម្បីរក្សាកិត្តិយសរបស់គាត់ហើយព័ត៌មានដែលគេបានដឹងអំពីរូបគាត់ គឺគាត់ជាស្ត្រីមេម៉ាយម្នាក់ អាយុ ៦៣ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋ Penang ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា ស្រ្តីរងគ្រោះបានស្គាល់បុរសម្នាក់តាមរយៈបណ្តាញសង្គម Instagram កាលពីអំឡុងខែឆ្នូ ឆ្នាំ ២០២១ ដោយបុរសជាជនខិលខូចបានប្រើប្រាស់រូបថតនិងវីដេអូបង្ហាញថា គាត់ជាជនជាតិកូរ៉េនិងកំពុងធ្វើការងារនៅក្នុងអណ្តូងរ៉ែមួយកន្លែង។
ក្នុងអំឡុងពេលទាក់ទងគ្នានោះ បុរសជាជនបោកប្រាស់បានលួងលោមថា គាត់នឹងមើលថែស្រ្តីរងគ្រោះគ្រប់បែបយ៉ាងពេលពួកគាត់បានរស់នៅជាមួយគ្នា តែក្នុងអំឡុងពេលនេះគាត់កំពុងមានបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងនិងសុំឲ្យស្រ្តីរងគ្រោះផ្ញើប្រាក់មកជួយគាត់ឲ្យបានលឿនដើម្បីឆាប់បានរស់នៅជុំគ្នា។ ក្នុងរយៈពេល ៤ខែចុងក្រោយនេះស្រ្តីជាជនរងគ្រោះបានផ្ញើប្រាក់ឲ្យជនខិលខូចចំនួន ១៨៤ដង ដោយប្រើប្រាស់គណនីធនាគារចំនួន ១៨ផ្សេងគ្នា ហើយទឹកប្រាក់សរុបដែលគាត់បានផ្ញើចេញទៅមានចំនួន ៣,៩ លានរីងហ្គីត (៩០៨,៥១០ ដុល្លារអាមេរិក)។
រឿងរ៉ាវឆរបោកតាមបណ្តាញអ៊ីនធឺណិតមួយនេះត្រូវបានរាយការណ៍ទៅកាន់អាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃទី ១៧ ខែមីនាកន្លងទៅបន្ទាប់ពីស្រ្តីរងគ្រោះមិនអាចទាក់ទងជនបោកប្រាស់បាន ហើយរហូតមកទល់នឹងពេលនេះប៉ូលិសជំនាញម៉ាឡេស៊ីហាក់គ្មានវិធីអាចជួយយកប្រាក់ដែលបាត់បង់នោះបានមកវិញទេ។ បើតាមការសន្និដ្ឋានរបស់ប៉ូលិសម៉ាឡេស៊ីគឺជនខិលខូចបានធ្វើសកម្មភាពបោកប្រាស់នេះចេញមកពីប្រទេសនីហ្សេរីយ៉ា៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






