អន្តរជាតិ

ប្រអប់ខ្មៅរបស់យន្តហោះ Boeing 737-800 ដែលដឹកមនុស្ស ១៣២នាក់ ហើយបានធ្លាក់លើភ្នំក្នុងប្រទេសចិន ពេលនេះត្រូវបានរកឃើញហើយ (មានវីដេអូ)

BY
Pheakdey
March 24, 2022

ចិន៖ ប្រអប់ខ្មៅចំនួន ១ក្នុងចំណោមប្រអប់ខ្មៅសរុប​ ២ របស់យន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់នៅក្នុងប្រទេសចិនកាលពីដើមសប្តាហ៍នេះត្រូវបានក្រុមអាជ្ញាធរអាកាសចរណ៍ចិនរកឃើញហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនានេះ។ ប្រអប់ខ្មៅដែលគេបានរកឃើញនោះត្រូវបានក្រុមអាជ្ញាធរអាកាសចរណ៍ចិនជឿជាក់ថា ជាឧបរកណ៍ដែលបានផ្ទុកនូវព័ត៌មានសំខាន់ៗមុនពេលយន្តហោះធ្លាក់ ហើយព័ត៌មានទាំងនោះក៏អាចជួយឲ្យគេស្វែងរកឃើញមូលហេតុពិតដែលនាំឲ្យយន្តហោះធ្លាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ប្រអប់ខ្មៅត្រូវបានរកឃើញកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ ហើយពេលនេះប្រអប់ខ្មៅកំពុងត្រូវបានគេផ្ញើទៅកាន់ទីក្រុងប៉េកាំងហើយដើម្បីឲ្យក្រុមអ្នកជំនាញធ្វើការពិនិត្យនិងស្រាវជ្រាវលម្អិតអំពីវា។ គួរបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 បានធ្លាក់កាលពីថ្ងៃចន្ទកន្លងទៅ នៅក្នុងទីក្រុង Guangxi ភាគខាងត្បូងប្រទេសចិន ដោយនៅក្នុងយន្តហោះនោះមានផ្ទុកមនុស្សសរុបចំនួន ១៣២នាក់។ ទោះជាមិនទាន់បានរកឃើញជនរងគ្រោះគ្រប់ចំនួនក៏ដោយ តែតាមការសន្និដ្ឋានគឺមនុស្សទាំងអស់នោះគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ ហើយគ្រោះថ្នាក់មួយនេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើនជាងបំផុតផងដែរសម្រាប់ប្រទេសចិន បើគិតក្នុងរយៈពេលជិត ៣០ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: