ម្ហូបអាហារទាំង១៨ប្រភេទនៅតាមផ្សារ ដែលមិនមានជាតិគីមីឡើយ ក្រោយមន្ត្រីជំនាញពិសោធន៍រួច
- November 12, 2018
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារសិនជូរីផ្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារច្បារអំពៅ និងផ្សារជម្ពូវ័ន ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ប្រហុកសាច់, ផ្អកពងត្រី, ផ្អកកូនត្រី, គ្រឿងសមុទ្រ, គុយទាវសរសៃតូច, លត, បាញ់កាញ់, មីគ្រប់មុខ, ទឹកខ្មេះគ្រប់ប្រភេទ, ប្រហិតគ្រប់មុខ, ជ្រក់គ្រប់មុខ, សាច់ក្រក, ត្រីងៀតគ្រប់មុខ, ឈាមជ្រូក, អំបិល, នំបាញ់អិច, ខ្ញីហាន់, និងក្រូចង៉ាំង៉ូវ។ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅលើគំរូផលិតផលដែលបានត្រួតពិនិត្យនោះទេ ។ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រួលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
- Share This Post:














