អ៊ុយក្រែនប្រាប់អាមេរិកថា ត្រូវការប្រើប្រាស់មីស៊ីលបាញ់យន្តហោះ ៥០០គ្រាប់ និងមីស៊ីលបាញ់រថក្រោះ ៥០០គ្រាប់ក្នុងមួយថ្ងៃ
- BY
- Pheakdey
- March 25, 2022
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានធ្វើបច្ចុប្បន្នភាពបញ្ជីរជំនួយសម្ភារៈយោធាដែលខ្លួនចង់បានពីរដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះ ដោយក្នុងបញ្ជីរនោះមានរួមបញ្ជូលទាំងមីស៊ីលសម្រាប់បាញ់យន្តហោះចម្បាំងនិងរថក្រោះរាប់រាយគ្រឿងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ម្សិលមិញនេះ។ នៅក្នុងសំណើសុំជំនួយសម្ភារៈយោធាដែលរដ្ឋាភិបាលអ៊ុយក្រែនបានដាក់ជូនសហរដ្ឋអាមេរិកនោះបានបញ្ជាក់ថា អ៊ុយក្រែនត្រូវការមីស៊ីលសម្រាប់បាញ់យន្តហោះប្រភេទ Stinger ដែលផលិតនៅអាមេរិកចំនួន ៥០០គ្រាប់សម្រាប់ប្រើប្រាស់នៅក្នុងមួយថ្ងៃ។

ជាងនេះទៅទៀត អ៊ុយក្រែនក៏ត្រូវការប្រើប្រាស់មីស៊ីលសម្រាប់បាញ់រថក្រោះប្រភេទ Javelin ជាបន្ទាន់ចំនួន ៥០០គ្រាប់នៅក្នុងមួយថ្ងៃផងដែរ។ គួរកត់សម្គាល់ថា អាមេរិកបានផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់រាប់ចាប់ពីពេលដែលកងទ័ពរុស្ស៊ីបានផ្តើមធ្វើការឈ្លានពានមក ដោយកាលពីខែកុម្ភៈកន្លងទៅជំនួយយោធាដែលមានតម្លៃ ៣៥០លានដុល្លារត្រូវបានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនរួចរាល់អស់ហើយ ខណៈជំនួយចំនួន ២កញ្ចប់ផ្សេងទៀតដែលមានតម្លៃសរុប ១ពាន់លានដុល្លារកំពុងចាប់ផ្តើមដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនជាបណ្តើរៗហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






