អន្តរជាតិ

អ្នកជំនាញព្រមានថា តួលេខអ្នកឆ្លងកូវីដនៅថៃនឹងកើនដល់ ១០០,០០០នាក់ក្នុងមួយថ្ងៃក្រោយពេលបុណ្យចូលឆ្នាំថៃរួច

BY
Pheakdey
March 26, 2022

ថៃ៖ ក្រុមអ្នកជំនាញថៃបានព្រមានថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងខ្ទង់ ១០០,០០០នាក់ក្នុងមួយថ្ងៃ ក្រោយពេល ពលរដ្ឋថៃបានធ្វើការជួបជុំគ្នានៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងឈានចូលមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។ បើតាមនាយកដ្ឋានសុខាភិបាលថៃបានបញ្ជាក់ថា បើទោះជាគ្មានការជួបជុំក្នុងពិធីបុណ្យសង្ក្រាន្តថៃក៏ដោយក៏តួលេខអ្នកឆ្លងអាចនឹងកើនឡើងដែរនៅក្នុងអំឡុងខែមេសាខាងមុខនេះ តែកើនឡើងត្រឹមខ្ទង់ ៥០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើអាជ្ញាធរថៃគ្មានវិធានការទប់ស្កាត់ការចម្លងឲ្យបានម៉ឺងម៉ាត់នោះទេ គឺតួលេខអ្នកឆ្លងនឹងបន្តកើនឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់ ក្រោយពេលចូលឆ្នាំរួច។

ឆ្លើយតបនឹងការព្រមានខាងលើនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យពលរដ្ឋដែលមានគម្រោងធ្វើការជួបជុំបងប្អូនសាច់ញាតិក្នុងពិធីបុណ្យចូលឆ្នាំថៃទាំងអស់ត្រូវចេះប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់ដូចជា ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយខ្លួនឯងមុនទៅលេងស្រុកកំណើត សកម្មភាពជួបជុំគ្នាត្រូវរៀបចំឡើងនៅកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់និងអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន ហើយក្រោយពេលត្រលប់មកពីស្រុកកំណើតវិញត្រូវតាមដានសុខភាពខ្លួនឯងក្នុងរយៈពេលយ៉ាងតិច ១០ថ្ងៃ។ ជាងនេះទៅទៀត ពលរដ្ឋវ័យចំណាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់ដូសជម្រុញត្រូវប្រញាប់ទៅទទួលវ៉ាក់សាំងឲ្យបានឆាប់រហ័ស ឬយ៉ាងហោចណាស់ត្រូវចាក់ឲ្យបាន ៧ថ្ងៃ មុនពេលបុណ្យចូលឆ្នាំឈានចូលមកដល់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: