អន្តរជាតិ

រកឃើញសំបុត្រដ៏រំជួលចិត្តមួយរបស់អ្នកដំណើរម្នាក់ក្នុងឧប្បតិ្តហេតុធ្លាក់យន្តហោះ Boeing 737-800 ក្នុងប្រទេសចិន

BY
Pheakdey
March 26, 2022

ចិន៖ ក្រុមអាកាសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការណ៍ស្រាវជ្រាវចំពោះឧប្បតិ្តហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ​ដែលបានធ្លាក់នៅលើភ្នំភាគខាងត្បូងប្រទេសចិនកាលពីដើមសប្តាហ៍នេះ បានរកឃើញសំបុត្រដ៏រំជួលចិត្តរបស់អ្នកដំណើរម្នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ។ នៅក្នុងសំបុត្រនោះមានសំណេរជាភាសាចិន សរសេរដោយដៃ និងមានខ្លឹមសាររៀបរាប់អំពីបន្តោងខ្សែកគុជមួយប្រភេទ ដែលតាមជំនឿនិងវប្បធម៌ចិនគឺបន្តោងខ្សែកនោះនឹងជួយនាំមកនូវ សន្តិភាព សុវត្ថិភាព សំណាងល្អ និងអាយុវែងចំពោះអ្នកដែលបានពាក់វាជាប់នៅខ្លួន។

បើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាចិនបានឲ្យដឹងថា សំបុត្រមួយច្បាប់នោះជារបស់អ្នកដំណើរភេទស្រីម្នាក់ឈ្មោះ Xiang  អាយុជាង ២០ឆ្នាំ ហើយស្រ្តីរូបនេះជាអ្នកលក់ទំនិញតាមបណ្តាញអ៊ីនធឺណិតដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញទៀតថា ថ្មីៗនេះស្រីជាអ្នកលក់ Online រូបនេះបានផ្តើមលក់បន្តោងគុជបែបបុរាណចិនជាច្រើនប្រភេទ ហើយខ្លឹមសារនៅក្នុងសំបុត្រដែលគេបានរកឃើញនោះគឺជាប្រយោគដែលនាងនឹងយកទៅនិយាយផ្សព្វផ្សាយអំពីបន្តោងគុជទៅកាន់អតិថិជនរបស់នាង។ តាមការសន្និដ្ឋាន ស្រ្តីជនរងគ្រោះរូបនេះទំនងជាកំពុងតែទន្ទេញខ្លឹមសារនៅក្នុងសំបុត្រនោះពេលយន្តហោះរៀបនឹងធ្លាក់ចុះ ពោលគឺនាងព្យាយាមបួងសួងបន្តោងគុជឲ្យជួយសង្គ្រោះជីវិតនាងក្នុងពេលយន្តហោះកំពុងធ្លាក់។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះសាកសពរបស់ជនរងគ្រោះរូបនេះនៅមិនទាន់បានរកឃើញនៅឡើយទេ ខណៈម្តាយឪពុករបស់នាងនៅតែមិនទាន់អស់ចិត្តថានាងបានស្លាប់នោះទេ​ បើទោះជាក្រុមអ្នកស្រាវជ្រាវជឿជាក់ថាអ្នកដំណើរទាំង ១៣២នាក់នៅលើយន្តហោះនោះគឺបានស្លាប់បាត់បង់ជីវិតអស់ទៅហើយក្តី៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: