អន្តរជាតិ

ប្រអប់ខ្មៅទី២ របស់យន្តហោះ Boeing 737-800 ដែលបានធ្លាក់នៅប្រទេសចិនត្រូវបានរកឃើញហើយ

BY
Pheakdey
March 28, 2022

ចិន៖ ដំណឹងទាក់ទងនឹងករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ​នៅក្នុងប្រទេសចិននៅតែជាប្រធានបទគួរឲ្យចាប់អារម្មណ៍សម្រាប់បណ្តាញសារព័ត៌មានធំៗមួយចំនួននៅជុំវិញពិភពលោក ដ្បិតឧប្បត្តិហេតុមួយនេះបានបន្សល់ទុកនូវរឿងរ៉ាវមិនអស់ចិត្តនិងចម្ងល់ជាច្រើន។ ជាក់ស្តែងនៅព្រឹកថៃចន្ទ ទី២៨ ខែមីនានេះបណ្តាញសារព័ត៌មាន Trending in China បានរាយការណ៍ថា ប្រអប់ខ្មៅទី២ របស់យន្តហោះដែលបានធ្លាក់នោះត្រូវបានក្រុមអាកាសចរណ៍រកឃើញហើយ ពោលគឺក្រុមអ្នកស្រាវជ្រាវនៅកន្លែងកើតហេតុផ្ទាល់បានរកឃើញតាំងពីថ្ងៃអាទិត្យម្លេះ។

ក្នុងអំឡុងពេលនេះប្រអប់ខ្មៅដែលគេជឿថា ជាឧបករណ៍ផ្ទុកនូវទិន្នន័យចុងក្រោយស្តីពីការធ្លាក់យន្តហោះកំពុងត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដើម្បីឲ្យក្រុមអ្នកជំនាញធ្វើការពិនិត្យ និងវិភាគរកមូលហេតុពិតប្រាកដ ដែលបង្កឲ្យយន្តហោះធ្លាក់។ គួររម្លឹកជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 បានធ្លាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន ដោយធ្លាក់បុកទៅលើភ្នំមួយកន្លែងនៅតំបន់ភាគខាងត្បូងប្រទេសចិន។ នៅក្នុងយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ១៣២នាក់ ហើយក្រុមជនរងគ្រោះទាំងអសនោះត្រូវបានជឿថាបានស្លាប់បាត់បង់ជីវិតអស់ហើយ បើទោះជាពេលនេះគេមិនបានរកឃើញសាកសពរបស់ពួកគាត់ក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Trending in China

 

 

Share This Post: