សង្គម

ភ្ញៀវទេសចរបរទេសម្នាក់សម្តែងការមិនពេញចិត្ត ចំពោះការចោលសំរាមផ្តេសផ្តាស និងការចតម៉ូតូឥតសណ្តាប់ធ្នាប់នៅផ្លូវថ្មើរជើងតាមសួនច្បារ តាមដងស្ទឹងសៀមរាប

BY
autoadmin
April 6, 2022

កាលពីពេលថ្មីៗនេះមានការបញ្ចេញមតិមួយចំនួនពីសំណាក់ជនបរទេស នៅលើបណ្ដាញសង្គមហ្វ៊េសបុក ជុំវិញការចោលសំរាមរបស់ពលរដ្ឋ និងការចតម៉ូតូឥតសណ្តាប់ធ្នាប់នៅតាមសួនច្បារតាមបណ្ដោយដងស្ទឹងក្នុងខេត្តសៀមរាប។ ការចោលសំរាមពាសវាលពាសកាលនឹងធ្វើឱ្យគ្មានអនាម័យ ហើយប៉ះពាល់ដល់សុខភាព ខណៈការយកផ្លូវនៅលើសួនសាធារណៈ នឹងបង្កើនហានិភ័យដល់អ្នកលំហែ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកថ្មើរជើងក្នុងសួន មិនចាញ់លើចិញ្ចើមផ្លូវធម្មតានោះទេ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Douglas Beattie បាននិយាយថា៖ «ការអភិវឌ្ឍន៍តាមដងទន្លេ គឺជាអត្ថប្រយោជន៍មួយសម្រាប់សង្គមខេត្តសៀមរាប បន្ថែមគុណភាពជីវិតយ៉ាងទូលំទូលាយដល់ប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ប៉ុន្តែនៅតែមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ២ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងឃើញមានសំរាមពាសពេញសួនច្បារមាត់ស្ទឹងខាងជើងផ្លូវ៦០ ហើយមានអ្នកជិះម៉ូតូជាច្រើននាក់ បានប្រើផ្លូវធ្វើជាកន្លែងប្រណាំងម៉ូតូ និងឈប់ចតម៉ូតូ ដោយមិនយកចិត្តទុកដាក់ដល់អ្នកដទៃនោះទេ។ ជាពិសេសនៅខាងលិចទន្លេ។ នៅ​ថ្ងៃ​ដ៏មមាញឹកមួយ ខ្ញុំ​បាន​ឃើញ​ម៉ូតូ​ដល់​ទៅ ៤០ គ្រឿង ​ចត​ក្នុង​តំបន់​តែ​មួយ​។ នោះមាន​ន័យ​ថា ​វាអាចមានម៉ូតូ​ ៤០ ​គ្រឿងជិះទៅមកនៅលើ​ផ្លូវសួន​គ្រប់​ពេល​វេលា។

លោកបន្ថែមថា៖«ទាំងអស់នេះវាបង្កឱ្យមានគ្រោះថ្នាក់ជាងការដើរលើផ្លូវទៅទៀត ជាពិសេសនៅពេលល្ងាច។ សូមអាជ្ញាធរខេត្តសៀមរាប មេត្តាធ្វើការហាមឃាត់ម៉ូតូទាំងអស់កុំឲ្យមាននៅលើផ្លូវថ្មើរជើងរបស់សួនច្បារនិងស្មៅ និងរឹតបន្តឹងការចតយានយន្តឱ្យបានត្រឹមត្រូវ។ ទុកផ្លូវថ្មើរជើងសម្រាប់តែអ្នកដើរ និងកង់ប៉ុណ្ណោះ។ ឥឡូវបញ្ហានេះវាមានគ្រោះថ្នាក់សម្រាប់កុមារ និងក្រុមគ្រួសារក្នុងការដើរលើផ្លូវសួនច្បារ នៅក្នុងឧទ្យានដ៏ស្រស់ស្អាតទាំងនេះ។ ខ្ញុំ​ប្រាកដ​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិន​មាន​បំណងឱ្យ​សួនច្បារ​ទាំង​នេះ ​ប្រើ​ជា​ចំណត​យានយន្ត និង​កន្លែង​ដាក់​សម្រាម​នោះ​ទេ»៕

Share This Post: