អត់លេងសើចទេ! ហាលស្រូវនៅតាមផ្លូវក្នុងប្រទេសថៃ អាចប្រឈមការជាប់គុកថែមជាច្រើនឆ្នាំ
ថៃ៖ កសិករថៃ ដែលបានយកស្រូវទៅហាលសំងួតលើដងផ្លូវសាធារណៈក្នុងខេត្ត Buri Ram នឹងត្រូវប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងផ្លូវសាធារណៈនៅទីជនបទរបស់ថៃ។ ការសម្រេចចាត់វិធានការតាមផ្លូវច្បាប់នេះត្រូវបានលោក Wit Worawong ប្រធាននាយកដ្ឋានខាងលើប្រាប់ឲ្យដឹងថា សកម្មភាពរបស់ប្រជាកសិករនេះបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ព្រោះអ្នកដំណើរមួយចំនួនព្យាយាមបើកគេចពីស្រូវ ដែលគេកំពុងតែហាលនោះ។
បើយោងតាមរបាយការណ៍ចរាចរណ៍បានឲ្យដឹងថា ក្រោយប្រជាពលរដ្ឋយកស្រូវទៅហាលទៅតាមផ្លូវសារធារណៈដូចនេះ ករណណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានករណីគ្រោះថ្នាក់កើតឡើងចំពោះសិស្សសាលាអាយុ ១៥ ម្នាក់ និងបានបង្កឲ្យគេស្លាប់បាត់បត់ជីវិតផងដែរ។ ចាប់ពីមានសេចក្តីជូនដំណឹងនេះទៅ ប្រជាពលកសិករទាំងអស់ត្រូវតែបញ្ឈប់ សកម្មភាពជាបន្ទាន់ បើមិនដូចនោះទេពួកគេនឹងត្រូវធ្វើការផាកពិន័យជាប្រាក់ចំនួន ៦០,០០០ បាត (១,៨១៥ ដុល្លារ) ឬ ត្រូវជាប់គុករហូតដល់ ៣ ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
