ពលករធ្វើការនៅកូរ៉េខាងត្បូងម្នាក់ត្រូវម៉ាស៊ីនក្នុងរោងចក្រគៀបដាច់ជើងទាំងសងខាងយ៉ាងអាណោចអាធ័មបំផុត
កូរ៉េ៖ ពលករម៉ាឡេស៊ី ដែលកំពុងតែបម្រើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់បានជួបគ្រោះថ្នាក់ក្នុងម៉ោងការងារ និងត្រូវម៉ាស៊ីនកាត់ដាច់ជើងទាំងសងខាងយ៉ាងអាណោចអាធ័មជាទីបំផុត។ ហេតុការណ៍នេះបានកើតឡើងក្នុងរោចក្រស្ថិតនៅតំបន់ Samseong ក្រុងសេអ៊ូល ដែលជាកន្លែងសម្បូរដោយពលករមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីមកធ្វើការងារដោយប្រើកម្លាំងពលកម្ម។
ជនរងគ្រោះមានឈ្មោះថា Daniel Arif Ahmad Fuad អាយុ២១ឆ្នាំ ជាពលករម៉ាឡេស៊ី ដែលទើបមកធ្វើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានពីរបីខែប៉ុណ្ណោះ។ ពេលនេះជនរងគ្រោះកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ ហើយខាងរោងចក្រក៏បានផ្តល់ប្រាក់សំណង និងទទួលខុសត្រូវតាមច្បាប់ការងារផងដែរ។ ក្រោយកើតហេតុនេះ ខាងក្រុមហ៊ុមនាំពលករទៅប្រទេសកូរ៉េខាងត្បូងក៏បានជូនដំណឹងទៅកាន់គ្រួសារជនរងគ្រោះដែរ ហើយខណៈពេលនេះឪពុក ជនរងគ្រោះគឺលោក Ahmad Fuad Yun អាយុ ៥២ ឆ្នាំ ក៏កំពុងតែរៀបចំឯកសារធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដែរ ដើម្បីទទួលយកកូនរបស់គាត់មកវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

