ចប់ពិធីបុណ្យបណ្តែតប្រទីបភ្លាម គ្រាន់តែប្រទីបអាជ្ញាធរថៃប្រមូលបានរាប់សែនអណ្តែតនៅទន្លេ
ថៃ៖ បន្ទាប់ពីប្រារព្ធពិធីបុណ្យប្រពៃណីថៃ Loy Krathong (ពិធីបុណ្យដែលមានការបណ្តែតប្រទីប និងបួងសួងសុំសេចក្តីប្រាថ្នាណាមួយ) រួចមក អាជ្ញាធរប្រចាំទីក្រុងបាងកកប្រមូលបានប្រទីបចំនួន ៨៤១,៣២៧ ដែលអណ្តែតលើផ្ទៃទឹកទន្លេ Chao Phraya។ បើយោងតាមលោក Aswin Kwanmuang អភិបាលក្រុងបាងកកបានប្រាប់ឲ្យដឹងថា ក្រុមការងារសំអាតទីក្រុងបានចំណាយពេលរហូតដល់ម៉ោង ៥ ភ្លឺ ទើបអាចប្រមូលប្រទីបទាំងនេះចេញពីទន្លេអស់។ លោកបានបន្ថែមទៀតថា ដោយសារទន្លេមួយនេះជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជិះទូកលេងកំសាន្តរាល់ថ្ងៃដូចនេះហើយទើបគេត្រូវតែសំអាតប្រទីបទាំងអស់ឲ្យអស់មុនពេលព្រឹកឡើង។
ក្នុងចំណោមប្រទីបអស់នោះមាន ៧៩៦,៤៤៤ ឬ ៩៤,៧ % ធ្វើពីធម្មជាតិ (ធ្វើពីស្លឹកចេក ឬស្រទបចេក) និង ៤៤,៨៨៣ ឬ ៥,៣ % ទៀតធ្វើពីស្នោ។ បើតាមលោកអភិបាលក្រុងខាងលើបានសំណូមពរថា នៅឆ្នាំក្រោយលោកសូមឲ្យប្រជាពលរដ្ឋថៃប្រើប្រាស់ប្រទីបធ្វើពីធម្មជាតិទាំងអស់ ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន ហើយបើគេយកវាទៅកប់វាអាចជាក្លាយជាជីធម្មជាតិសម្រាប់ដំណាំផ្សេងៗបានទៀតផង ខណៈប្រទីបស្នោអាចប៉ះពាល់ដល់បរិស្ថានជាខ្លាំងពេលគេយកទៅកប់ ឬដុតចោល៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts


