ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា៖ ព្រៃអាម៉ាហ្សូននឹងរលាយហិនហោចដោយសារស្នាដៃប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រេស៊ីល
ប្រេស៊ីល៖ ក្រុមអ្នកវិទ្យាសាស្ដ្រព្រមានថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រេស៊ីលអាចធ្វើឱ្យព្រៃអាម៉ាហ្សូន ដែលជាជម្រកសត្វ និងជាប្រភពនៃជិវិតរបស់ពិភពលោក រលាយហិនហោច ដោយសារលោកប្រធានាធិបតីនេះមានរឿងអាស្រូវជាមួយអំពើពុករលួយ និងបក្សពួកជាមួយឈ្មួញឈើខុសច្បាប់។ ការកើនឡើងនូវកម្តៅផែនដី និងការបាត់បង់ព្រៃអាម៉ាហ្សូនដោយការកាប់បំផ្លាញខុសច្បាប់នេះបានចោទជាបញ្ហា និងធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្មណ៍េជាខ្លាំងចំពោះអនាគតរបស់ពិភពលោកទាំងមូលទៅថ្ងៃអនាគត់។
ព្រៃអាម៉ាហ្សូនគឺជាដង្ហើមរបស់ពិភពលោកទាំងមូល ដោយគេដឹងថាព្រៃនេះគឺបានផ្ដល់នូវអុកស៊ីសែន២០% នៃចំនួនអុកស៊ីសែនទាំងអស់ ហើយបានស្រូបយកសារធាតុកាបូនឌីអុកស៊ីត ២ពាន់លានតោនជារៀងរាល់ឆ្នាំ និងមាននាមថាជា «សួតនៃភពផែនដីទាំងមូល»។ ព្រៃអាម៉ាហ្សូនមានដើមឈើរាប់ពាន់លានបូមយកទឹកចេញពីឫសជ្រៅ ដែលបញ្ចេញជាចំហាយទឹក និងបង្កើតបានជាព្រៃទឹកភ្លៀង ជាពិសេសព្រៃនេះបង្កើតជាទឹកភ្លៀងដោយខ្លួនឯងបានពី ៣០ទៅ៥០ភាគរយទៀតផង។ ព្រៃអាម៉ាហ្សូនក៏ជាចំណែកក្នុងការទប់ស្កាត់អាកាសធាតុរបស់ពិភពលោកផងដែរ។ តែគួរឱ្យសោកស្តាយព្រោះប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Jair Bolsonaro បែជាមានគំនិតចង់បន្ធូរលើការការពារព្រៃអាម៉ាហ្សូនទៅវិញ ដោយគាត់គិតថាវាជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច៕






អត្ថបទ៖ លីដា
ប្រភព៖ apnews