រដ្ឋាភិបាលជប៉ុនចែកផ្ទះឲ្យពលរដ្ឋខ្លួនរស់នៅដោយឥតគិតថ្លៃ តែគ្មាននរណាម្នាក់ចាប់អារម្មណ៍ចង់បានសោះ
ជប៉ុន៖រដ្ឋាភិបាលជប៉ុនបានបង្កើតគម្រោងលក់ផ្ទះនៅទីជនបទក្នុងតម្លៃពិសេសមួយ ហើយផ្ទះមួយចំនួនថែមទាំងផ្តល់ជូនដោយ មិនគិតថ្លៃរួមជាមួយនឹងការឧបត្ថម្ភប្រាក់មួយចំនួនពីរដ្ឋាភិបាលទៀតផង តែគម្រោងនេះហាក់មិនមានការចាប់អារម្មណ៍ខ្លាំងទាល់តែសោះសម្រាប់ប្រជាពលរដ្ឋ។ បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ផ្ទះដែលគេដាក់លក់នោះមានប្រមាណជា ១០ លានខ្នង ជាប្រភេទផ្ទះចាស់ ដែលគេបោះបង់ចោល និងស្ថិតទៅតាមទីជនបទឆ្ងាយពីទីក្រុង។ អ្នកដែលអាចទិញផ្ទះប្រភេទនេះបាន ឬក៏ទទួលយកផ្ទះប្រភេទនេះដោយមិនគិតថ្លៃគឺត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ជាឪពុកម្តាយ ដែលមានអាយុមិនលើលពី ៤៣ ឆ្នាំ និងមានកូនដែលគ្រប់អាយុចូលរៀនថ្នាក់បឋមសិក្សា។
គម្រោងនេះស្តាប់មើលទៅហាក់ដូចជាល្អណាស់ តែប្រជាពលរដ្ឋវ័យក្មេងរបស់ជប៉ុនបែរជាមិនចាប់អារម្មណ៍ទៅវិញ ពីព្រោះថាភាគច្រើននៃពួកគេមានក្តីប្រាថ្នាចង់រស់នៅក្នុងទីក្រុង ហើយម្យ៉ាងវិញទៀតការមករស់នៅក្នុងផ្ទះចាស់នេះពួកគេក៏ត្រូវចំណាយប្រាក់ជួសជួលមួយចំនួនផងដែរ។ ដូចនេះហើយទើបពួកគេសុខចិត្តសន្សំលុយ ដើម្បីទិញផ្ទះនៅក្នុងទីក្រុងវិញ បើទោះជាតម្លៃផ្ទះនៅក្នុងទីក្រុងមានតម្លៃរហូតដល់ ៧៨៦,៦៥០ ដុល្លារ (តម្លៃជាមធ្យមក្នុងឆ្នាំ២០១៨) ក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
