សង្គម

ភាគីរថយន្ត Lexus 200T ដែលរងគ្រោះខ្ទេចរថយន្ត ដោយសារដើមឈើបាក់រលំសង្កត់នៅទឹកជ្រោះភ្នំគូលែន បានបង្ហោះសារបែបនេះទៅកាន់អាជ្ញាធរ

BY
Khmernote Media
May 24, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើ បណ្តាលឲ្យបាក់សង្កត់លើរថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។ រថយន្តដែលរងការខូចខាតរួមមាន៖

១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ (ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ
២. រថយន្ដ Ford Ranger ពណ៌ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង
៣. រថយន្ដ Toyota Vigo ពណ៌ខ្មៅ ស្លាកលេខ (សៀមរាប2C-3176) ខូចខាតផ្នែកខាងមុខ

ជុំវិញករណីនេះ ភាគីខាងរថយន្ត Lexus 200T បានបង្ហោះសារនិយាយបែបនេះ ដោយម្ចាស់គណនីឈ្មោះ Ng Sok Ling បាននិយាយថា៖

« ជីវិតតូច ជីវិតធំ ក្នុងឡាន2គ្រឿងហ្នឹងទាំងអស់ សំណាង1 ក្នុង100គ្រោះថ្នាក់ ខុសត្រូវគ្នា10នាទី មនុស្សចុះចេញអស់ កុំអី…. ពេលបង់លុយឃើញមុខ ពេលមានបញ្ហា ចង្អុលលិច ចង្អុលកើត គ្រោះធម្មជាតិមើលមិនឃើញមែន តែក៍អាចបង្ការបាន តែនេះរលំគ្មានខ្យល់មកបក់សូម្បីបន្តិច ឫសឈើពុកផុយរលួយស្ទើរទាំងស្រុង មិនមែនមានតែមួយដើមហ្នឹងទេ នៅមានជាច្រើនដើមទៀតត្រូវប្រឈម អ្នកភូមិធ្លាប់ស្នើសុំអោយអ្នកគ្រប់គ្រងត្រួតពិនិត្យជាច្រើនដង តែមិនអើពើសោះ ហើយកន្លែងហ្នឹងក៍ជាកន្លែងចតដែលភ្នាក់ងារក្រុមហ៊ុនមានឯកសណ្ឋាន តំរូវអោយពួកខ្ញុំត្រូវតែចតទីហ្នឹង មិនអាចប្តូរកន្លែងបានទៀត ចុងក្រោយត្រូវទទួលខុសត្រូវខ្លួនឯងទាំងការឈឺចាប់ ព្រោះមិនដឹងរកអ្នកទទួលខុសត្រូវមើលថែដើមឈើកន្លែងចតឡាន តាមផ្លូវណា ដំណោះស្រាយ0 បើគេឆ្លើយមិនដឹង មានតែទទួលយកថាវាថ្ងៃអាក្រក់យើង តែសំណាងខ្លាំងមិនមានគ្រោះថ្នាក់ដល់ជីវិត ចឹងមានតែផ្តាំបងប្អូន ពូមីងទាំងអស់ប្រុងប្រយ័ត្នទាំងអស់គ្នា បើមើលកន្លែងចតមិនស្រួលមិនបាច់ចូលទេ ព្រោះគេទទួលតែពេលបានទេ ពេលបាត់អត់មានអ្នកទទួលទេ តែសំណាងមួយទៀត អរគុណទឹកចិត្តបងៗ និង ពូមីងនៅទីនោះណាស់ ពួកគាត់ចិត្តបាន និងជួយពួកខ្ញុំមែនទែន តែបើមានបងប្អូនមានយោបល់ល្អៗជួយបង្ហាញផង ពេលនេះទាល់តំរិះណាស់»

ចំណែកឯម្ចាស់គណនីឈ្មោះ Channary Ke បាននិយាយថា៖

«បើអ្នកជាខ្ញុំតើអ្នកធ្វើយ៉ាងណា? រមណីយដ្ឋានភ្នំគូលែន!!!!
អារម្មណ៌ថ្ងៃនេះមិនដូចម្សិលមិញ បើដើមហ្នឹងវារលំមុន10នាទីប្រហែលមិត្តរាល់គ្នា មិនមានឃើញមុខខ្ញុំមកសរសេរ caption ហ្នឹងទេ

1) រឿងដែលហួសចិត្ត បើមានខ្យល់ព្យុះកន្រ្តាក់រន្ទះបាញ់ដើមហ្នឹងអោយវារលំទៅមិនថាទេ អាចថានេះជាគ្រោះធម្មជាតិ តែនេះគ្រាន់ភ្លៀងរលឹមស្រិចៗវារលំដោយ មិនបាច់ច្រាន

2) រឿងដែលគួរអោយអស់សំណើច មានមន្រ្តីសន្តិសុខសារ៉េចតឡានអោយចុះចតហើយយកថ្លៃចំណត មានអ្នកយកថ្លៃកញ្ចុះសំរាប់អង្គុយនៅរមណីយដ្ឋានកន្លែងទេសចរណ៌ ទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិ បែររកអង្គភាពទាក់ទងឬអ្នកទទួលខុសត្រូវម្នាក់មិនឃើញ

3) រឿងដែលមិនយល់ ប្រជាជនថាដើមឈើហ្នឹងគេដឹងថាវាពុកផុយនឹងរលំថ្ងៃណាមួយ តែស្នើទៅអាជ្ញារធរថាមិនអាចកាប់ដោយគ្មានការអនុញ្ញាតបានទេ

សំណួរទី01 បើខ្ញុំមិនទាន់បានដើរចេញពីឡាន ហើយរឿងហ្នឹងកើតឡើង តើអ្នកណាសងជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ?

សំណួរទី02 ចុះបើរឿងហ្នឹងកើតឡើងចំពោះអាយុជីវិតភ្ញៀវបរទេស ថាតើមុខមាត់ជាតិនឹងទៅជាយ៉ាងណា?

មិនមែនសុំអោយដោះស្រាយ អីទេតែសុំអោយអង្គភាពពាក់ព័ន្ធ កុំចេះតែយកគូទមកហាស្តីដើម្បីគេចវេសបញ្ហាថា មិនដឹងមិនដឹង សូមយកភាពទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអង្គភាពបំរើជាតិមកបង្កើតការបង្ការ ព្រោះចង់ប្រាប់ថា វាមិនមែនជាគ្រោះធម្មជាតិ តែវាជាការធ្វេសប្រហែសរបស់អង្គភាពពាក់ព័ន្ធ ចង់អោយមានកំនើនភ្ញៀវទេសចរណ៌មកកំសាន្តតែបែរគ្មានទំនួលខុសត្រូវពីសុខសុវត្ថិភាពរបស់ភ្ញៀវ សូមអរគុណ!!!»៕

Share This Post: