រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក! ជីដូនប្រគល់កាដូដ៏មានតម្លៃដែលខំថែរក្សាអស់ ១០ឆ្នាំជូនចៅប្រុសវិញ ក្រោយចៅចេញពីស្រុកកំណើតមករៀនសូត្រនៅអាមេរិករហូតដល់បញ្ចប់ការសិក្សា
សង្គម May 30, 2022 Khmernote Media

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីកូនខ្មែរមួយរូបខំប្រឹងតស៊ូរៀនសូត្ររហូតបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយទទួលបានកាដូដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានពីលោកយាយ ដែលខិតខំបីបាច់ថែរក្សាតាំងពីតូចរហូតដល់ធំដឹងក្តី។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Moon Pich បានរៀបរាប់ឲ្យដឹងថា៖

«#អានុស្សាវរីយ៍នៃជីវិត ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ 🙏»