យប់នេះនឹងមានពិធីទូងស្គរ វាយគង ទះប៉ោត អបអរល្ខោនខោលស្វាយអណ្តែតដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី
នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដោយយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងមានការរួមគ្នារៀបចំពិធីអបអរសាទរ ដោយទូងស្គរ វាយគង ទះប៉ោត គោះត្រដោក នៅតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង ស្ថាប័ន រហូតដល់តាមភូមិ វត្តអារាមនានា។
ពិធីទូងស្គរនេះ គឺរៀបចំឡើងដើម្បីជាការអបអរ បន្ទាប់ពី “ល្ខោនខោល” របស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។ គួរបញ្ជាក់ផងដែរថា ល្ខោនខោល របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូជាផ្លូវការ នៅក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី ក្រុង Port Louis ប្រទេស Mauritius កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕






